លោក Jose Mourinho មកបង្វឹកកូនក្រុមនៅទីលានហ្វឹកហាត់ដោយមិនដឹងខ្លួន មុនត្រូវ Man UTD បណ្តេញពីតំណែង
កាលពីម្សិលមិញ Manchetser United បានបណ្តេញអ្នកចាត់ការ Jose Mourinho ចេញពីតំណែងបន្តិចក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនបានល្អនៅរដូវកាលនេះ។
ជាក់ស្តែងការពីម្សិលមិញ អតីតអ្នកចាត់ការ Porto, Chelsea, Inter Milan និង Real Madrid បានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់ Carrington នៅវេលាម៉ោង៩:០២នាទីព្រឹក (ម៉ោងនៅអង់គ្លេស) ដើម្បីរៀបចំនឹងដឹកនាំការហ្វឹកហាត់ដូចសព្វដង ប៉ុន្តែនៅវេលាម៉ោង៩:៤២នាទីនាយកប្រតិបត្តិ Ed Woodward បានមកប្រាប់ផ្ទាល់មាត់អំពីការដកហូតពីតំណែង ក្រោយពីបានពិភាក្សាជាមួយលោក Joel Glazer ដែលជាប្រធានក្លឹប។
យោងតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា ក្រុមបិសាចក្រហមបានបង់ប្រាក់ជំងឺចិត្តដល់លោក Jose Mourinho ចំនួន២២.៥លានផោនផងដែរ ដោយសារតែក្រុមកំពុងតែជាប់ភារកិច្ចនៅក្នុងពានរង្វាន់ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ។
គួររំលឹកថា លោក Jose Mourinho បានមកកាន់តំណែងជាអ្នកចាត់ការនៅទឹកដី Old Trafford នៅឆ្នាំ២០១៦ជំនួសលោក Louis Van Gaal ដោយក្នុងរយៈពេល២ឆ្នាំកន្លះបុរសជនជាតិព័រទុយហ្គាល់បានចាយលុយចំនួន៣៧៥.៣លានផោនហើយជួយឲ Man UTD ឈ្នះពានរង្វាន់ EFL Cup និង Europa League ផងដែរ។