Morata ថា ដឹងច្បាស់ពីហេតុផលអ្នកគាំទ្រឌឺដងខ្លួន តែនឹងនិយាយក្រោយចប់ Euro
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញ Alvaro Morata និយាយថា គេនឹងនិយាយពីរឿងអ្នកគាំទ្រឌឺដងដាក់រូបគេ ពេលចប់ព្រឹត្តិការណ៍ Euro។
កីឡាករមកពី Juventus បានឆ្លើយតបទៅការឌឺដងនេះតាមរយៈគ្រាប់បាល់បញ្ចូលទីពេលអេស្ប៉ាញទម្លាក់ក្រូអាតនៅវគ្គ១៦ក្រុមចុងក្រោយ។
Morata និយាយថា “៖ខ្ញុំដឹងពីហេតុផលហើយថា ហេតុអ្វីពួកគាត់ឌឺដងដាក់ខ្ញុំ។ ខ្ញុំដឹងច្បាស់ វាមិនពិបាកយល់ទេ។ ពេលចប់ Euro ចាំនិយាយរឿងហ្នឹង ខ្ញុំអត់មានបញ្ហាអីទេរឿងហ្នឹង។”
Alvaro Morata រកបាន២គ្រាប់នៅ Euro គឺមួយគ្រាប់ក្នុងសំណាញ់ពេលស្មើប៉ូឡូញ និងមួយគ្រាប់ទៀតក្នុងម៉ោង extra time ពេលឈ្នះក្រូអាត។ បើតាមដឹង គេត្រូវបានអ្នកគាំទ្រឌឺដងច្រើនរឿងខូចបាល់ ជាពិសេសពេលឈ្នះស្លូវ៉ាគី៥ទល់នឹង០ Morata មានឱកាសច្រើន តែធ្វើមិនបានសម្រេច ហើយទាត់ប៉េណាល់ទីអត់ចូលទៀត។
អេស្ប៉ាញដែលបញ្ចប់នៅលេខ២ ក្នុងពូល E ត្រូវបន្តជួបស្វីសនៅថ្ងៃទី០២ ខែកក្កដា៕