Harry Kane ព្យាយាមមិនខ្វល់ពីប្រវត្តិសាស្ត្រ & បណ្តាញសង្គម ព្រោះចង់ជោគជ័យនៅ World Cup 2018
នៅពេលថ្មីៗនេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានប្រាប់ឲ្យដឹងថា ខ្លួនបានព្យាយាមនៅឲ្យឆ្ងាយពីបណ្តាញសង្គម និងមិនផ្តោតការយកចិត្តទុកដាក់ខ្លាំងលើប្រវត្តិនៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ World Cup របស់អង់គ្លេសនោះទេ។ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បានអះអាងថា ខ្លួនបានព្យាយាមមិននិយាយច្រើនពីទម្រង់លេងរបស់ខ្លួនផ្ទាល់ និងក្រុមអង់គ្លេស នៅលើបណ្តាញសង្គមនោះទេ។ ហើយអ្វីដែលសំខាន់ គឺគាត់ក៏មិនចង់អាន ឬ មើលការរិះគន់តិះទៀន ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្ទាល់នោះទេ។
គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក G.Southgate (ឆ្វេង) និង Harry Kane (ស្តាំ)។
Harry Kane បានបញ្ជាក់ថា លោកបានទទួលបទពិសោធន៍នេះ ពីបរាជ័យនៅ Euro 2016 ដោយកាលណោះ អំឡុងពេលកំពុងប្រកួត រូបគេបានអានសារជាច្រើនពីគ្រប់មជ្ឈដ្ឋាន មានទាំងការរិះគន់ និងសរសើរ ដែលធ្វើឲ្យគេបាក់ទឹកចិត្ត ឬ ពេលខ្លះមោទនភាពជាមួយខ្លួនឯងជ្រុលពេក រហូតធ្វើឲ្យបរាជ័យតែម្តង។
Harry Kane៖ «កាល Euro ខ្ញុំរំភើបចិត្តណាស់ ខ្ញុំផុសលើ Twitter របស់ខ្ញុំរហូត ព្រោះខ្ញុំចង់ដឹងថាតើគេនិយាយអីខ្លះពីខ្ញុំ។ ប៉ុន្តែវាជះឥទ្ធិពលអវិជ្ជមានដល់ខ្ញុំ ព្រោះខ្ញុំអានច្រើនពេក ខ្ញុំគិតច្រើនពេក។ ប៉ុន្តែឥឡូវខ្ញុំគិតថា ជម្រើសដ៏ល្អរបស់ខ្ញុំ គឺធ្វើយ៉ាងណាឲ្យខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការលេងបាល់ ដូច្នេះក្នុងការប្រកួតនេះ (World Cup) ខ្ញុំត្រូវតែផ្លាស់ប្តូរ ដោយខ្ញុំព្យាយាមនៅឲ្យឆ្ងាយពីបណ្តាញសង្គម តាមតែអាចធ្វើបាន។»
ពេលសួរសំណួរថា តើគាត់មានអារម្មណ៍យ៉ាងណា ពេលអាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ និងអាស្សង់ទីន ធ្លាក់ចេញពីការប្រកួត ហើយរុស្ស៊ី អ៊ុយរ៉ាហ្កាយ ប្រេស៊ីល ក្រូអាស៊ី ឡើងទៅវគ្គបន្ត? Harry Kane បានឆ្លើយថា៖ «ខ្ញុំមើលការប្រកួតមួយចំនួន ប៉ុន្តែមិនមើលទាំងអស់នោះទេ ដើម្បីកុំឲ្យមានអារម្មណ៍មិនល្អ ព្រោះខ្ញុំគ្រាន់តែខ្ញុំគ្រាន់តែចង់ផ្តោតទៅលើការប្រកួត និងខ្លួនខ្ញុំផ្ទាល់ឲ្យបានល្អប្រសើរ»។
គួរជម្រាបជូនថា Harry Kane ជាកីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី គិតត្រឹមពេលនេះ ដោយ ២ប្រកួតរកបាន ៥គ្រាប់។ ប្រសិនបើយប់នេះ អង់គ្លេស ប្រកួតឈ្នះ កូឡុំប៊ី នៅវគ្គ ១៦ក្រុមចុងក្រោយ នោះ Harry Kane អាចមានឱកាសច្រើនដើម្បីដណ្តើមពានរង្វាន់ស្បែកជើងមាស Golden Boot៕
ប្រភព៖ Telegraph