
Mavididi អតីតខ្សែប្រយុទ្ធក្រុម Arsenal ប្រាប់ពីអ្វីដែលគេបានរៀនសូត្រពី Ronaldo នៅ Juventus
(BC-99)
ខ្សែប្រយុទ្ធ Montpellier Stephy Mavididi បាននិយាយពីអ្វីដែលគេបានរៀនសូត្រពី Cristiano Ronaldo កាលពីពួកគេជាមិត្តរួមក្រុម Juventus ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះធ្លាប់បានរំពឹងទុកថានឹងក្លាយជាសមាជិកក្រុម Arsenal ដ៏លេចធ្លោរមួយរូប តែអ្វីៗក៏បានរលាយបាត់បង់ក្រោយពីពបានចំណាយពេលពីររដូវកាលក្នុងឈុតធំកាំភ្លើងធំតែពុំបានបង្ហាញខ្លួនមួយប្រកួតណាទាល់តែសោះព្រោះតែក្លិបនេះបានដាក់រូបគេឱ្យក្លិបដទៃខ្ចី។ រហូតដល់ឆ្នាំ ២០១៨ ទើប Mavididi ត្រូវបាន Juventus ទិញយកទៅចូលរួមក្រុមដោយបានបង្ហាញខ្លួនឱ្យឈុតធំតែម្តងគត់រួចក៏ត្រូវក្រុមសេះបង្កង់ទម្លាក់ទៅលេងជាមួយឈុតវ័យក្រោម២៣ឆ្នាំនិងបានឱ្យ Dijon ខ្ចីយកទៅលេងផងដែរ។ នៅទីបំផុតកីឡាកររូបនេះក៏បានក្លាយជាកីឡាករថ្មីរបស់ Montpellier កាលពីរដូវក្តៅមុនដោយនៅទីនោះរូបគេរកបាន ២ គ្រាប់ក្នុងចំណោម ៩ ប្រកួតកន្លងមកនេះ។
នៅពេលថ្មីៗនេះដែរ Mavididi បានប្រាប់ L’Equipe អំពីអ្វីដែលគេបានរៀនសូត្រពី Ronaldo ពេលនៅ Juventus ថា៖“ដូចគ្នានឹង Thierry (Henry) ដែរគឺមិនត្រឹមតែការលេងខ្លាំងទេ តែបញ្ញាស្មារតីរបស់គាត់ (Ronaldo) គឺជាអ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍។ គាត់អាចឆ្លើយតបឥតឈប់ឈរនិងក្នុងកាលៈទេសៈណាក៏ដោយ។ ប្រសិនបើខ្ញុំអាចជ្រើសរើសគុណសម្បត្តិតែមួយគត់របស់គាត់គឺជាបញ្ញាស្មារតីវានេះឯង។ គាត់បានពន្យល់ប្រាប់ខ្ញុំថាវាត្រូវការពេលវេលាបទពិសោធន៍និងការបរាជ័យជាច្រើនដើម្បីឈានដល់កម្រិតតបែបនេះ។ ខ្ញុំចាប់ផ្តើមយល់កាន់តែច្បាស់ថាស្ថិតិក្នុងការប្រកួតមិនទាន់គ្រាន់ទេ។ ដើម្បីចង់ក្លាយជាអ្នកដែលពូកែបំផុតការថែរក្សាកម្លាំងកាយរបស់អ្នកក៏ជាកត្តាសំខាន់ដែរ។ ជារៀងរាល់ពេលហ្វឹកហាត់បាល់ទាត់ជាមួយក្រុម Cristiano តែងតែទៅដល់មុនអ្នកផ្សេងទៀតដើម្បីចំណាយពេលហាត់ប្រាណថែរក្សារទម្ងន់ និងចេញពីកន្លែងហ្វឹកហាត់ក្រោយគេបំផុត”។