
រកឃើញអស់ហើយក្រុមឡើងវគ្គចុងក្រោយ EURO 2021
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាសេដូនីខាងជើង, ហុងគ្រី, ស្លូវ៉ាគី និងស្កុតលែន ទទួលបានកៅអីបង្គ្រប់២៤ក្រុមនៅវគ្គចែកពូល UEFA EURO 2021 ក្រោយទទួលបានជោគជ័យនៅវគ្គ Play-Off ដូចៗគ្នា។
ក្នុងការប្រកួត Play-Off នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ម៉ាសេដូនីខាងជើងបានយកឈ្នះហ្សកហ្ស៊ី០ទល់នឹង១, ហុងគ្រីឈ្នះអ៊ីស្លង់ ២ទល់នឹង១, ស្កុតលែនស្មើស៊ែប១ទល់នឹង១ តែឈ្នះប៉េណាល់ទី៥ទល់នឹង៤ និងស្លូវ៉ាគីឈ្នះអៀរឡង់ខាងជើង២ទល់នឹង១។
នេះជាលើកដំបូងហើយដែលម៉ាសេដូនីខាងជើងឡើងវគ្គចែកពូល EURO។ ពួកគេនឹងស្ថិតនៅពូល C ជួបហុល្លង់, អ៊ុយក្រែន និងអូទ្រីស។
ស្កុតលែនចូលពូល D ជួបអង់គ្លេស, សាធារណរដ្ឋឆែក និងក្រូអាត។ ស្លូវ៉ាគី នៅពូល E ប៉ះអេស្ប៉ាញ, ស៊ុយអែត និងប៉ូឡូញ។ ហុងគ្រីនៅពូល F ជួបព័រទុយហ្គាល់, បារាំង និងអាល្លឺម៉ង់។
គួរដឹងដែរថា ព្រឹត្តិការណ៍ UEFA EURO 2020 ត្រូវបានលើកទៅឆ្នាំ២០២១វិញ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ហើយប្រព្រឹត្តទៅពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដែលមាន១២ប្រទេសធ្វើម្ចាស់ផ្ទះ សរុបក្រុមទាំងអស់គឺ២៤ក្រុមជម្រើសជាតិ៕