ចាញ់ច្រើនគ្រាប់យ៉ាងណា គ្រូ Leeds ថា មិនប្ដូរក្បួនទេ
អ្នកចាត់ការ Leeds United លោក Marcelo Bielsa និយាយថា ក្រុមលោកនឹងមិនបោះបង់របៀបលេងដែលផ្ដោតខ្លាំងលើការវាយលុយឡើយ (Attacking Football)។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនថ្លែងបែបនេះក្រោយចាញ់ Manchester United ៦ទល់នឹង២ក្នុងការប្រកួត Premier League នៅ Old Trafford នាថ្ងៃអាទិត្យ ទី២០ ខែធ្នូ។ បរាជ័យនេះមានន័យថា Leeds ជាក្រុមដំបូងគេរដូវកាលនេះដែលរបូត៣០គ្រាប់។
នេះក៏ជាលើកដំបូងដែលក្រុមមួយដែលដឹកនាំដោយលោក Bielsa របូតដល់ទៅ៦គ្រាប់ចាប់តាំងពីឆ្នាំ១៩៩២។ កាលណោះ លោកនៅដឹកនាំ Newell’s Old Boys ចាញ់ San Lorenzo ៦ទល់នឹង០។
បើតាម BBC ការគ្រប់គ្រងរបស់ Leeds United មានដល់ទៅ៦០ភាគរយ។
លោក Bielsa ថ្លែងក្រោយការប្រកួតបែបនេះ “៖ការប្រយុទ្ធរបស់យើងកើតឡើងតាមរយៈការលេងសហការគ្នា ហើយការប្រយុទ្ឋរបស់គេ គឺកើតឡើងនៅពេលដែលយើងបាត់បង់បាល់នៅតំបន់ប្រយុទ្ឋ។ គេធ្វើបម្រែបម្រួលពីការពារមកប្រយុទ្ឋ យើងក៏ធ្វើបែបនេះដូចគ្នា គ្រាន់តែបម្រែបម្រួលរបស់យើងយឺតជាងគេ។”
ជ័យជម្នះលើ Leeds United បានរុញ Manchester United ទៅកាន់ចំំណាត់ថ្នាក់លេខ៣ មាន២៦ពិន្ទុពីក្រោមក្រុមកំពូលតារាង Liverpool ៥ពិន្ទុ៕