ម៉ឺន មេឃា បញ្ចប់ការមិនចាញ់ អេលីត ចំរើន ឡើងជួប ឃីម បូរ៉ា ដណ្តើមខ្សែក្រវាត់គោជល់
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមទី២ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា កាលពីម្សិលមិញកីឡាករ ម៉ឺន មេឃា បានបញ្ចប់ភាពមិនដែលចាញ់ក្នុងឆ្នាំ ២០២០ របស់ អេលីត ចំរើន ដើម្បីក្លាយជាម្ចាស់ជើងឯកនឹងមានឱកាសឡើងទៅប្រកួតជាមួយ ឃីម បូរ៉ា ដណ្តើមខ្សែក្រវាត់ ។
ការប្រកួតពេញ៥ទឹករវាង ម៉ឺន មេឃា និង អេលីត ចំរើន ពួកគេមិនហ៊ានប្តូរគ្នានោះទេ ដោយមានការប្រុងប្រយ័ត្នរៀងៗខ្លួនតាំងពីទឹកទី១ដល់៥ ប៉ុន្តែការចេញអាវុធមួយៗរបស់កូនប្រុសលោក អេ ភូថង បានចំចំណុចល្អច្រើនជាង អេលីត ចំរើន ធ្វើអោយរូបគេទទួលបានពិន្ទុឈ្នះដោយឯកច្ឆ័ន្តលើ អេលីត ចំរើន ក្នុងផ្តល់ពិន្ទុពីចៅក្រមទាំង៥រូបតែម្តង ។
ការបាត់ឱកាសទៅដណ្តើមខ្សែក្រវាត់របស់ អេលីត ចំរើន គឺជាការចាញ់លើកដំបូងក្នុងឆ្នាំ២០២០ ដែលរូបគេតែងតែទទួលបានជ័យជម្នះក្នុងការប្រកួតកន្លងមក ដោយធ្លាប់ឈ្នះជើងខ្លាំង ជាច្រើនដូចជា ប៊ុន សុធា , វ៉ាន់ វឿន , ឈុត សេរីវាន់ថង និង សោម វិឆ័យ ជាដើម ។
សម្រាប់ ម៉ឺន មេឃា ដែលជាម្ចាស់ជើងឯកក្រុមទី២ ទទួលបានប្រាក់រង្វាន់ចំនួន ១៥០០ ដុល្លារ នឹងត្រូវទៅដណ្តើមខ្សែក្រវាត់ជាមួយ ឃីម បូរ៉ា ដែលម្ចាស់ជើងឯកក្រុមទី១ជាបន្តទៀត ។
សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា គ្រោងនឹងធ្វើឡើង នៅដើមឆ្នាំ ២០២១ ខាងមុខនេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ៕