ម្តាយ ឪពុក ធ្វើការសំណង់បោះបង់ការសិក្សាមកហាត់ប្រដាល់រហូតបានប្រកួតអន្តរជាតិ
កីឡាករ ឡុង ពិសិដ្ឋ ( ផុន ពិសិដ្ឋ )បានរៀបពីមូលហេតុដែល ចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ហើយបោះបង់ការសិក្សាទាំងវ័យក្មេងថា ៖ ខ្ញុំមានស្រុកកំណើតនៅខេត្ត ស្វាយរៀង ដោយសារគ្រួសារក្រីក្រដែលមាន ឪពុក ឈ្មោះ សៅ និង ម្តាយ ឈ្មោះ រ៉ូ ធ្វើការសំណង់គ្មានប្រាក់រៀនបន្ត ទើបគេបោះបង់ការសិក្សាត្រឹមថ្នាក់ទី ៦ មកតាម ឪពុក ម្តាយ ធ្វើការសំណង់នៅភ្នំពេញ ។
ដោយសារ ឪពុក ម្តាយ ធ្វើការសំណង់ក្នុងការដ្ឋាននៅជិតក្លិបប្រដាល់ ខ្លារខិនមានរិទ្ធ ស្របពេលដែលគេកំពុងចង់ហាត់ប្រដាល់គុនខ្មែរផងនោះ គេបានទៅសុំលោក រិគី (អតីតគ្រូ) ដែលជាគ្រូនៅ ក្លឹបប្រដាល់នោះហ្វឹកហាត់ ហើយ ឪពុក ម្តាយ របស់គេក៏មិនបានហាមឃាត់នោះដែរ ដោយប្រាប់ថា៖ ចង់អោយកូនរៀនសូត្រដែរ ប៉ុន្តែកូនចង់ហាត់ហើយតាមកូនចុះ ណាមួយគ្រួសារលោកកំពុងខ្វះខាត គ្មានប្រាក់អោយរៀនទេ មានតែប្រាប់កូនអោយតស៊ូ ហើយជោគជ័យក្នុងអាជីពនេះ ។
ផុន ពិសិដ្ឋ បានចូលហ្វឹកហាត់ប្រដាល់នៅក្លិបខ្លារខិនមានរិទ្ធក្នុងអាយុវ័យ ១៦ ឆ្នាំ ដោយបច្ចុប្បន្នបន្ទាប់ពីលោកគ្រូ រិគី លាឈប់រូបគេកំពុហ្វឹកហាត់ជាមួយលោក មាស វណ្ណឌី និងកីឡាករ ផុន ផាន់ណា រួមជាមួយរៀមច្បង ឡុង ជិន និងកីឡាករផ្សេងៗទៀត ហើយការ ប្រឹងប្រែងរបស់គេតាំងពីឆ្នាំ២០១៦មកធ្វើអោយគេបានឈានដល់កម្រិតមួយអាចប្រកួត ជាមួយខ្មែរនាសង្វៀនផ្សេងៗនិងមានឱកាសប្រកួតអន្តរជាតិបានម្តងផងដែរដោយបានយកឈ្នះកីឡាករថៃនៅ សង្វៀន ភី អ៊ិន អ៊ិន និងធ្លាប់ឈ្នះមេដាយប្រាក់ប្រដាល់ថ្នាក់ជាតិផងដែរ ៕