
លោក Ole បានធ្វើការព្រមានដល់ Paul Pogba មុនការប្រកួតចូលមកដល់
(BC-99)
ក្រោយពីមានសង្គ្រាមពាក្យសម្តីដាក់គ្នារវាងគ្រូបង្វឹករបស់ក្រុម Manchester United លោក Ole Gunnar Solskjaer និងលោក Mino Raiola នាពេលកន្លងមកគេបានមើលឃើញសម្ពាធបានធ្លាក់ទៅលើកីឡាករបារាំង Paul Pogba ឯណោះ។
ការដែលធ្វើឱ្យកីឡាករម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោករបស់បារាំង Paul Pogba ធ្លាក់ទម្រង់លេងនិងមិនចូលរួមជាមួយក្លិបគ្រប់ការប្រកួតឱ្យបានជាប់លាប់ត្រូវបានភ្នាក់ងារនិងជាអ្នកគួកជេកីឡាករលោក Mino Raiola ធ្វើការបន្ទោសមកលើក្លិបបិសាចក្រហមដែលមិនចេះប្រើប្រាស់ធនធានកីឡាករ។
ពាក្យទាំងអស់នេះត្រូវបានលោក Ole Gunnar Solskjaer គិតថាវាជាមុខព្រួញដែលបានបាញ់សំដៅមកលើរូបលោក។ អតីតកីឡាករនិងជាគ្រូបង្វឹករបស់ក្រុម Manchester United នាពេលបច្ចុប្បន្ននេះបាននិយាយថាលោកបានឮពីព័ត៌មានមិនល្អទាក់ទងទៅនិងអកប្បកិរិយារបស់ Pogba តាំងពីលោកមិនទាន់ក្លាយជាអ្នកដឹកនាំរបស់ក្រុមនេះមកម៉្លេះ។ លោកតែងតែសង្ឃឹមថាលោកនឹងអាចរកឃើញដំណោះស្រាយល្អៗរវាងក្លិបនិងភាគីរបស់កីឡាកររូបនេះ តែមកដល់ពេលនេះលោកហាក់ដូចជារកមិនឃើញវិធីណាល្អទាល់តែសោះ។
Solskjaer បាននិយាយដោយត្រង់ទៅកាន់ Pogba ថាគ្មានកីឡាករម្នាក់ណាធំជាងក្លិបទេដោយលោកបានធ្វើការបញ្ជាក់បន្ថែមតាមរយៈសារព័ត៌មានរបស់ក្រុង Manchester ថា៖ “ ខ្ញុំនឹងមិនឱ្យនរណាម្នាក់យល់ថាខ្លួនឯងធំជាង Manchester United ទេ។ ច្បាស់ជាគ្មានឡើយ – ហើយ Paul ក៏ដឹងរឿងនេះដែរ។ វាមិនត្រឹមតែសម្រាប់ Paul ប៉ុណ្ណោះទេ។ តែយើងទាំងអស់គ្នាត្រូវតែដឹងរឿងនេះ” ។
គួរឱ្យដឹងដែរថាលោក Raiola បានខឹង Solskjaer នៅមួយថ្ងៃមុនពេល Man United ធ្លាក់ចេញពី Champions League ដោយចាញ់ក្រុម RB Leipzig កាលពីដើមខែនេះដោយអះអាងថាវាដល់ពេលដែល Pogba ត្រូវចាកចេញពីក្លឹបហើយ។