អគ្គលេខាធិការប្រដាល់សកលបង្ហើបថា កីឡាករជម្រើសជាតិទាំង៣រូបអាចនឹងបន្តទៅហាត់នៅបារាំង
អ្នកប្រដាល់សកលកម្ពុជា ចំនួនបីរូប គឺ សៅ រង្សី, ទូច ដេវីត និងវី សុភ័ស្ស និងគ្រូបង្វឹក ជ័យ ណារ៉ា នឹងចេញដំណើរទៅហ្វឹកហាត់ នៅខេត្តភូកេត ប្រទេសថៃ ពីថ្ងៃទី២៦ មីនា ខាងមុខនេះ ពីថ្ងៃទី២៦ ដល់ ៣១ មីនា និងពីថ្ងៃទី១ដល់១០ខែមេសា សម្រាប់ការប្រកួតដកស្រង់បច្ចេកទេស។
ក្នុងពិធីជួបសំណេះសំណាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា បញ្ជាក់ថា ជាមួយនឹងការចេញ ទៅហ្វឹកហាត់នោះ ពួកគេ ក៏មានកម្មវិធីប្រកួត មួយចំនួន នៅទីនោះដែរ។ ការចេញទៅហ្វឹកហាត់នេះ បានទទួលការជួយ ឧបត្ថម្ភជាថវិកា របស់លោក ម៉ម ប៊ុននាង ប្រធានកិត្តិយសម្នាក់ៗ ចំនួន ៣០០.០០០ រៀល សរុប ១.២០០.០០០ រៀល។
ទន្ទឹមនឹងនេះ លោក តាវ ម៉េងហួរ អនុប្រធានកិត្តិយសបានឧបត្ថម្ភទឹកប្រាក់ចំនួន ចំនួន ៤០០.០០០ រៀល ក្នុង ១នាក់ សរុប ១.៦០០.០០០ រៀល។ ថវិកាផ្ទាល់ខ្លួនរបស់លោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការ ចំនួន ៣០០.០០០ រៀល ក្នុង ១នាក់ សរុប ១.២០០.០០០ រៀល។ សរុបថវិកា ក្នុង ១នាក់ ទទួលបានប្រាប់ឧបត្ថម្ភ ១.០០០.០០០ រៀល ។ ជាមួយគ្នានេះ លោក ខេស៊ី បាណេត ក៏បានឧបត្ថម្ភថវិកា ១.៤៥០ ដុល្លារអាមេរិក សម្រាប់ការចំណាយ បង់ថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ថ្លៃធ្វើតេស្ត PCR និងពិនិត្យសុខភាព ។
លោក ប៊ុយ សុភ័ណ្ឌ ក៏បានផ្តល់ជូននូវសម្ភារហ្វឹកហាត់ រួមមានស្បែកជើង សម្រាប់រត់ អាវយឺតហ្វឹកហាត់ និងកាតាប។ ដោយឡែក សហព័ន្ធ ក៏បានស្នើ សុំប្រាក់ហោប៉ៅ ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ក្រុមប្រតិភូទៀតផង ហើយប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ ក្រសួងឯកភាព នោះប្រតិភូទាំង បួនរូប នឹងទទួលបានប្រាក់ ហោប៉ៅ ៨០០.០០០ រៀល ក្នុង ០១នាក់ បន្ថែមទៀត។
លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា ប្រសិនបើគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម (CAMSOC) ឯកភាពនោះ ពួកគេ នឹងបន្តទៅហាត់ នៅទីក្រុងប៉ារីស ពីថ្ងៃទី១៧មេសា ដល់ ៧ ឧសភា បន្តទៀត ។ កីឡាករ ទាំងបីរូបនោះ មាន សៅ រង្ស៊ី ទម្ងន់ ៥៧ គីឡូក្រាម ទូច ដេវីដ ទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ វី សុភ័ស ទម្ងន់ ៦៩ គីឡូក្រាម ៕