កូនសិស្សក្មេងៗរបស់លោក ធន់ សុភា ចង់បាក់ទឹកចិត្តអស់ហើយ ព្រោះចាប់ឈ្មោះប្រកួតមិនដែលបាន
ខ្ញុំបានផ្ញើឈ្មោះ ធន់ វិស្នុ ទៅគ្រប់ស្ថានីយ៍ទូរទស្សន៍ដែលមានរៀបចំការប្រកួតសង្វៀនគុនខ្មែរដែរ តែចាប់មិនសូវបាន ក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ! ហើយក៏មិនមែនតែកីឡាករវ័យក្មេង ធន់ វិស្នុ ម្នាក់ទេដែលចាប់មិនបាន សូម្បីតែសិស្សរបស់ខ្ញុំគីឡូស្រាលផ្សេងៗទៀតក្នុងចន្លោះពី៤៥ទៅ៥២ ក៏មិនងាយចាប់គូប្រកួតបានដូចគ្នា បើយ៉ាងនេះពួកគេទាំងអស់នោះនឹងបាក់ទឹកចិត្តហើយវិលត្រឡប់ទៅផ្ទះវិញជាមិនខាន, ទាំងនេះគឺជាសំដីរបស់លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនក្រសួងការពារជាតិ ស្របពេលដែលលោកកំពុងតែមានព្រួយបារម្ភរឿងកូនសិស្សក្មេងៗដែលជាទំពាងស្នងគុនខ្មែរមិនសូវបានឡើងប្រកួត។
គួរបញ្ជាក់ថា ក្នុងប្រភេទគីឡូ៤៨កូនសិស្សរបស់លោកគឺ ធន់ វិស្នុ សឹងតែគ្មានដៃគូប្រកួតទៅហើយក្នុងស្រុកខ្មែរ ពោលគឺ២៥ដងកន្លងមកមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ហើយកាលពីពេលកន្លងទៅធ្លាប់ប្រកួតអន្តរជាតិនៅសង្វៀន PNN បានម្តងដែរ ដោយទទួលបានពិន្ទុស្មើគ្នាជាមួយកីឡាករមកពីថៃ។ ជាមួយគ្នានេះលោក ធន់ សុភា កំពុងតែមានកង្វល់រឿងកូនសិស្សក្មេងដែលកំពុងតែល្អ តែបែរជាគ្មានទីផ្សារប្រកួត ស្របពេលដែលសង្វៀនស្រុកខ្មែរកំពុងតែឲ្យតម្លៃលើកីឡាករថៃ។ គ្រូបង្វឹករបស់សាលាគុនក្រសួងការពារជាតិរូបនេះបានបន្ថែមទៀតថា ជាក់ស្តែង ក្មេងៗទាំងនេះពួកគេព្យាយាមខិតខំហ្វឹកហាត់ ចង់ឡើងប្រកួតដើម្បីមានលុយចាយ ពេលត្រឡប់ទៅផ្ទះម្តងៗមានលុយជូនឪពុកម្តាយ ចុះ!បើពួកគេមិនបានឡើងប្រកួតផង តើឲ្យរកលុយពីណាបានចាយ!។ លោកបានបញ្ជាក់ទៀតថា ធន់ វិស្នុ កំពុងតែល្អដោយ២៥ប្រកួតចុងក្រោយមិនទាន់ស្គាល់ពាក់ថាចាញ់ ខ្ញុំមិនចង់ឃើញក្មេងដែលកំពុងតែល្អបាក់ទឹកចិត្តបោះបង់គុនខ្មែរឡើយ សព្វនេះលោកកំពុងតែបង្ខំឲ្យក្មេងៗក្នុងក្លឹបរួមទាំង វិស្នុ ញុំាអាហារអោយបានច្រើនដើម្បីឲ្យមានគីឡូធ្ងន់ជាងនេះងាយស្រួលចាប់គូ ព្រោះថាគ្រប់ស្ថានីយ៍ទូរទស្សន៍នៅស្រុកខ្មែរត្រូវការតែគីឡូធំៗតែប៉ុណ្ណោះ៕