Ole ប្រាប់ពីមូលហេតុទិញ Cavani និងកីឡាករផ្សេងៗទៀត
(BC-99)
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ Edinson Cavani បានព្រមព្រៀងចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយជម្រើសថែមមួយឆ្នាំទៀតបន្ទាប់ពីរូបគេបានចំណាយពេលវេលា ៧ ឆ្នាំនៅជាមួយ PSG ។
Ole Gunnar Solskjaer បាននិយាយថាតាមរយៈបទពិសោធន៍និងឋាមពលដែល Edinson Cavani ធ្លាប់ប្រកបអាជីពដ៏ជោគជ័យជាមួយក្រុមនៅបារាំង PSG និងក្រុមនៅអ៊ីតាលី Napoli គឺអាចជួយឱ្យក្រុម Manchester United ឈ្នះនូវអ្វីដែលគេបានប៉ុនប៉ងជាថ្មីម្តងទៀត។
លោក Ole បានឱ្យដឹងបន្ថែមទៀតថា Cavani នឹងក្លាយជាអ្នកបញ្ចប់ទីដ៏អស្ចារ្យនៅ Old Trafford និងក្លាយជាបុគ្គលមួយរូបដែលនឹងផ្តល់បទពិសោធន៍ល្អៗឱ្យកីឡាកររបស់ក្លិបនៅជំនាន់ក្រោយ ហើយគេនឹងត្រូវបានកត់ឈ្មោះទុកជាកីឡាករឆ្នើមរបស់ United។
នៅមុនថ្ងៃបិទបញ្ចប់ការទិញដូរកីឡាករកាលពីរាត្រីថ្ងៃច័ន្ទនេះ Manchester United ដែលទើបតែភ្លាត់ចាញ់ Spurs ៦-១ នៅផ្ទះរបស់ខ្លួនក៏បានបង្ហាញមុខកីឡាករចំនួន៣នាក់ផ្សេងទៀតដែរដែលមានដូចជាខ្សែការពារសញ្ជាតិប្រេសស៊ីល របស់ Porto Alex Telles កីឡាករវ័យក្មេងអ៊ុយរុហ្គាយ Facundo Pellistri របស់ក្លិប Atletico Penarol កីឡាករ Amad Diallo Traore របស់ក្លិប Atalanta និងកីឡាករវ័យ១៨ឆ្នាំរបស់ Sochaux – Willy Kambala។
នៅសប្តាហ៍នេះគ្រប់ League កំពូលនៅអឺរ៉ុបនឹងត្រូវផ្អាកសកម្មភាពប្រកួតរបស់ខ្លួនព្រោះជាថ្ងៃប្រកួតប្រជែងកម្រិតអន្តរជាតិរបស់ទ្វីបអឺរ៉ុប។ Manchester United គ្រោងនឹងកោះហៅកីឡាករដែលមិនជាប់ភារកិច្ចជម្រើសជាតិមកជួបជុំគ្នាធ្វើការហ្វឹកហាត់និងប្រកួតកំដៅសាច់ដុំក្នុងក្រុមបិសាចតែមួយផងដែរ។