Greenwood ចេញមុខសូមអភ័យទោសពីប្រិយ៍មិត្តបាល់ទាត់ចំពោះទង្វើរបស់ខ្លួន
(BC-99)
តាមរយៈគណនីសង្គមផ្ទាល់ខ្លួននិងមានការចែករម្លែកបន្តដោយគេហទំព័រផ្លូវការរបស់ក្រុមបិសាចក្រហម Manchester United ផងនោះខ្សែប្រយុទ្ធ Mason Greenwood បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដូចខាងក្រោម…
“ឆ្លៀតឱកាសនេះខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងពីអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះ។ ជាបឋមខ្ញុំសូមអភ័យទោសដល់អ្នករាល់គ្នាចំពោះភាពអាម៉ាស់ដែលខ្ញុំបានបង្ក។ ខ្ញុំពិតជាគ្មានការទទួលខុសត្រូវក្នុងការទប់ស្កាត់ការរីរាលដាលជំងឺ COVID-19 ដែលអាចបណ្តាលឱ្យសាធារណជនឆ្លងជំងឺមួយនេះ។
ជាពិសេសខ្ញុំសូមសុំទោសចំពោះលោក Gareth Southgate ដែលបានធ្វើឱ្យលោកបាត់បង់ការជឿទុកចិត្តមកលើរូបខ្ញុំ។ ការលេងឱ្យក្រុមជម្រើសជាតិ អង់គ្លេស គឺជាពេលវេលាដ៏មានមោទនភាពបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ តែខ្ញុំបែជាធ្វើឱ្យបាត់បង់ឱកាសមាសនេះទៅវិញ។ ខ្ញុំមានតែធ្វើការស្តីបន្ទោសដល់ខ្លួនឯងចំពោះកំហុសដ៏ធំមួយនេះ។
ខ្ញុំសូមសន្យាចំពោះក្រុមគ្រួសារខ្ញុំ អ្នកគាំទ្រក្រុម Manchester United និង អង់គ្លេស ថានេះជាមេរៀនដ៏ជូរចត់មួយដែលខ្ញុំបានរៀន។ វានឹងមិនកើតមានឡើងទៀតទេ!” ។
គួរបញ្ជាក់ដែរថាការថ្លែងសូមអភ័យទោសនេះគឺជាការឆ្លើយតបនូវទង្វើរបស់ខ្លួនដែលបានបំពាននាអំឡុងពេលត្រៀមខ្លួនប្រកួតបាល់ទាត់ National League ដោយសារតែកីឡាករវ័យក្មេងរូបនេះជាមួយនិងមិត្តភក្តិបានពាក់ព័ន្ធនឹងការនាំស្ត្រីចូលទៅស្នាក់នៅជាមួយគ្នាក្នុងបន្ទប់សណ្ឋាគារ។ ដោយឡែកក្រុម បិសាចក្រហម នៅមិនទាន់ដាក់ចំណាត់ការទៅលើកីឡាកររូបនេះនៅឡើយទេ។