នាយក La Liga ជឿថា បាល់ទាត់វៀតណាមនឹងក្លាយជាកម្លាំងចលករមួយនៅអាស៊ី
នាយក La Liga ប្រចាំប្រទេសវៀតណាមលោក Brian Wright បានកោតសរសើរដល់ការអភិវឌ្ឍបាល់ទាត់នៅប្រទេសក្បែរខាងកម្ពុជាមួយនេះ ហើយជឿជាក់ថាកីឡាករជាច្រើននឹងមានសមត្ថភាពទៅលេងដល់អេស្ប៉ាញ។
“វៀតណាមមានប្រវតិ្តបាល់ទាត់ដែលមានសក្តានុពលខ្លាំងណាស់ហើយនៅពេលអនាគតខ្ញុំជឿជាក់ថាបាល់ទាត់នៅទីនេះនឹងរីកដុះដាលឆាប់ៗ ហើយក្លាយជាកម្លាំងចលករមួយនៅអាស៊ី។ ជាការពិតណាស់ ការធ្វើបែបនេះមិនងាយស្រួលទេ។ វាត្រូវការពេលវេលា។ ខ្ញុំជឿជាក់ថាបាល់ទាត់វៀតណាមកំពុងវិវឌ្ឍទៅរកទិសដៅត្រឹមត្រូវ។”
យោងតាមអ្នកតំណាងរបស់ La Liga ផងដែរ បន្ទាប់ពីបានសង្កេតមើលការប្រកួតនៅប្រទេសវៀតណាម លោកបានកត់សម្គាល់ឃើញថាកីឡាករទាំងអស់មានបច្ចេកទេសល្អ។
នាយក La Liga នៅប្រទេសវៀតណាមបាននិយាយថា“៖ ខ្ញុំដឹងថាមានភាពស្រដៀងគ្នាខ្លះរវាងបាល់ទាត់វៀតណាម និងអេស្ប៉ាញ។ ក្នុងឆ្នាំ ២០១៧ នៅពេលដែលខ្ញុំមកធ្វើការជាលើកដំបូងនៅប្រទេសវៀតណាម ខ្ញុំបាននិយាយជាមួយ Alvaro Silva ដែលជាខ្សែការពារធ្លាប់លេងឲ្យ Malaga និង Hanoi FC ។ គាត់ប្រាប់ថា កីឡាករវៀតណាមពូកែៗណាស់។ ខ្ញុំបានសួរថា តើពួកគេអាចលេងនៅ La Liga បានទេ? Alvaro Silva បាននិយាយថា “ប្រហែលហើយ”។
នៅចុងខែធ្នូ ឆ្នាំ២០១៩ Nguyen Van Toan និង Nguyen Tuan Anh ត្រូវបានក្លិប Deportivo Alaves យកទៅហាត់សាកល្បងសមត្ថភាព។ មុននោះ Nguyen Quang Hai ក៏ស្ថិតក្នុងក្រសែភ្នែកក្លិបនៅអេស្បាញដែរ។ Leganes ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះ Nguyen Cong Phuong ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនដែលមិនត្រូវបានភាគីទាំងពីរឯកភាពគ្នាទើបកីឡាករវៀតណាមមិនមានឱកាសបោះជំហានទៅ La Liga ដើម្បីហ្វឹកហាត់៕