AFC ចេញកាលបរិច្ឆេទសម្រាប់វគ្គជម្រុះ World Cup ២០២២ សាជាថ្មី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ចេញកាលបរិច្ឆេទថ្មីសម្រាប់វគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ ដែលនៅសេសសល់ បន្ទាប់ពីការផ្អាកជុំវិញការរីករាលដាលកូវីដ១៩។
ការប្រកួតជម្រុះជុំទីពីរគ្រោងបិទបញ្ចប់នៅថ្ងៃមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះការប្រកួតទី៧ និងទី៨ ក្នុងពូល ប្រព្រឹត្តទៅនៅខែមីនា ហើយទី៩ និងទី១០ ធ្វើឡើងនៅខែមិថុនា។
ការប្រកួតជម្រុះជុំទី៣នឹងរៀបចំឡើងនៅដើមខែកញ្ញា ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ហើយវគ្គ play-off នឹងដំណើរការនៅខែឧសភា និងមិថុនា ដោយប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ។
គណៈកម្មាធិការ AFC ក៏នឹងប្រកាសម្ចាស់ផ្ទះថ្មីសម្រាប់ Asian U23 2022 ក្រោយចិនដកខ្លួន។ សម្រាប់ការធ្វើម្ចាស់ផ្ទះ AFC U23 ឆ្នាំ២០២២, ២០២៤ និង២០២៧ នឹងបើកចំហរដល់ប្រទេសអាស៊ីខាងលិចដើម្បីដេញថ្លៃ។
ជាមួយគ្នានេះ ក៏មានការកែប្រែចុះបញ្ជីកីឡាករសម្រាប់ AFC U19 2020 និង AFC U16។ ជាក់ស្ដែង កីឡាករកើតឆ្នាំ២០០១អាចចូលរួមប្រកួតបានសម្រាប់ AFC U19 និង ឆ្នាំ២០០៤អាចចូលលេង AFC U16៕