អតីតដៃគូដៃកង់ Neymar ម្នាក់នៅ Santos ទទួលបានសញ្ជាតិចិន និងត្រៀមលេងឲ្យជម្រើសជាតិចិន
អតីតកីឡាករជម្រើសជាតិ U20 ប្រេស៊ីល Alan Kardec ទើបទទួលបានសញ្ជាតិចិន និងត្រៀមចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រទេសមួយនេះក្នុងវគ្គជម្រុះ FIFA World Cup 2022 សម្រាប់ជុំទី៣។
Kardec វ័យ៣២ឆ្នាំទទួលបានសញ្ជាតិចិន បន្ទាប់ពីប្រកបអាជីពនៅប្រទេសនេះបាន៥ឆ្នាំ ដោយដំបូងគេចូលរួមជាមួយក្លិប Chongqing Lifan ហើយឆ្នាំ២០២១ក៏ផ្ទេរទៅចូលរួមជាមួយក្លិប Shenzhen។ នៅប្រេស៊ីល គេធ្លាប់លេងឲ្យក្លិប Vasco de Gama, Internacional, Santos, Sao Paulo, Palmeiras និង Benfica ក្នុងប្រទេសព័រទុយហ្គាល់។
គេជាដៃគូដៃកង់ជាមួយ Neymar កាលលេងនៅ Santos ចន្លោះឆ្នាំ២០១១/២០១២ និងធ្លាប់លើកពានលីគកំពូលព័រទុយហ្គាល់នៅ Benfica រដូវកាល២០០៩/២០១០។
នៅចិន៥ឆ្នាំ ខ្សែប្រយុទ្ធរូបនេះរកបាន៥៨គ្រាប់ និង assists ១៥លើក។ គេគឺជាកីឡាករចូលសញ្ជាតិម្នាក់ទៀតហើយបន្ទាប់ពី Elkenson, Alan Carvalho, Fernandinho, Tyias Browning និង Nico Yannaris។
ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជុំទី៣ប្រចាំតំបន់អាស៊ី ចិនស្ថិតក្នុងពូល B មាន ជប៉ុន, អូស្ត្រាលី, អារ៉ាប៊ីសាអ៊ូឌីត, វៀតណាម និងអូម៉ង់។ ចិននឹងបើកឆាកជាមួយអូស្ត្រាលី ថ្ងៃទី០២ ខែកញ្ញា៕