គ្រូអង់គ្លេសព្រមានកូនក្រុមថា នឹងពិបាកពេលប៉ះពីរក្រុមនេះ
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate មានការប្រុងប្រយ័ត្ននៅពេលធ្វើអត្ថាធិប្បាយអំពីវគ្គចែកពូលក្នុងវគ្គជម្រុះ FIFA World Cup 2022។
នៅថ្ងៃទី០៧ ខែធ្នូការចាប់គូជម្រុះ World Cup ឆ្នាំ ២០២២ សម្រាប់អឺរ៉ុបបានធ្វើឡើងនៅប្រទេសស្វីស ដោយបែងចែកជា១០ពូល ប្រជែងយកសំបុត្រយន្ដហោះទៅប្រទេសកាតារ។
ជាលទ្ធផល អង់គ្លេសស្ថិតក្នុងពូល I ជាមួយប៉ូឡូញ, ហុងគ្រី, អាល់បានី, អង់ដូរ៉ា និង សានម៉ារីណូ។ នៅក្នុងក្រុមនេះប៉ូឡូញជាគូប្រជែងធំជាងគេរបស់អង់គ្លេស ប៉ុន្តែហុងគ្រីក៏មិនអាចត្រូវបានមើលរំលងដែរ។
គ្រូបង្វឹក Southgate ប្រាប់ Sky Sports ថា “៖ ប៉ូឡូញជាក្រុមដែលមានគុណភាព។ ហុងគ្រីទើបតែត្រូវបានគេតំឡើងចូលចំណោមក្រុមកំពូលនៅ UEFA Nations League។ ក្រុមជម្រើសជាតិអង់គ្លេសនឹងមានការលំបាកក្នុងការលេងជាមួយប៉ូឡូញ និងហុងគ្រី។”
Robert Lewandowski គឺជាតារាលេចធ្លោបំផុតរបស់ប៉ូឡូញ។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះមានរដូវកាលដ៏អស្ចារ្យជាមួយក្រុម Bayern Munich ។ លោក Southgate បាននិយាយថា “Robert គឺជាកីឡាករឆ្នើមម្នាក់។ គាត់រួមជាមួយ Harry Kane និង Romelu Lukaku ស្ថិតក្នុងចំណោមកីឡាករកំពូលទាំង៩នៅអឺរ៉ុប។ កំណត់ត្រាស៊ុតបាល់បញ្ចូលទីរបស់គាត់សម្រាប់ក្រុមជម្រើសជាតិពិតជាគួរចាប់អារម្មណ៍ណាស់។”
ទោះបីអង់គ្លេសស្ថិតក្នុងពូលពិបាក គ្រូបង្គោល Southgate ជឿជាក់ថា កូនក្រុមមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឈ្នះកៅអីទៅឆ្នាំ២០២២នៅប្រទេសកាតា។ លោកពិតជារីករាយដែលបានឃើញកីឡាករវ័យក្មេងមានភាពចាស់ទុំ។
ដោយឡែក ក្រុមការពារតំណែងជើងឯកបារាំងស្ថិតនៅពូល D ជាមួយអ៊ុយក្រែន, ហ្វាំងឡង់, បូស្នី និងកាហ្សាក់ស្ថាន។ អេស្ប៉ាញស្ថិតនៅពូល B ជាមួយស៊ុយអែត, ក្រិក,ហ្សកហ្ស៊ី និងកូសូវ៉ូ។ ទន្ទឹមនឹងនេះព័រទុយហ្កាល់ស្ថិតនៅពូល A ជាមួយស៊ែប៊ី, អៀរឡង់, លុចហ្សំបួរ និង អាហ្សាប់បៃហ្សង់។
សម្រាប់វគ្គជម្រុះតំបន់អ៊ឺរ៉ុប ក្រុមកំពូលទាំង ១០ ក្នុងពូលនីមួយៗនឹងមានកៅអីទៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២។ ក្រុមចំណាត់ថ្នាក់លេខ ២ នឹងចូលរួមវគ្គ Play-Off ដើម្បីប្រជែងយក៣កៅអីដែលនៅសល់ទៅកាន់ប្រទេសកាតា៕