កីឡាករ១១នាក់មានថ្លៃខ្លួនសរុប៨៩៥លានអឺរ៉ូមិនបានលេងវគ្គ៨ក្រុម Euro 2020
វាជារឿងគួរឲ្យស្ដាយដែលកីឡាករល្បីៗមួយចំនួនមិនបានលេងក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយសារក្រុមជម្រើសជាតិរបស់គេធ្លាក់ចេញនៅវគ្គ១៦ក្រុម ខណៈមានអ្នកមានបញ្ហារបួសមិនបានលេងថែមទៀត។
ខាងក្រោមជាកីឡាករចំនួន១១នាក់ដែលសរុបតម្លៃខ្លួនពួកគេទៅមានដល់៨៩៥លានអឺរ៉ូ ៖
១. Kylian Mbappe (១៦០លានអឺរ៉ូ)
ខ្សែប្រយុទ្ធកើតឆ្នាំ១៩៩៨ទាត់ប៉េណាល់ទីអត់ចូល ធ្វើឲ្យបារាំងចាញ់ស្វីសធ្លាក់ពី Euro។ គ្រួសាររបស់គេថែមទាំងពាក់ព័ន្ធនឹងជម្លោះជាមួយម្ដាយ Adrien Rabiot ទៀតរឿងធ្លាក់ពី Euro ហ្នឹង។
២. Joao Felix (៨០លានអឺរ៉ូ)
Felix លេងតែ៣៥នាទីពេលចាញ់បែលហ្ស៊ិក។ ខ្សែប្រយុទ្ធមកពី Atletico Madrid មិនសូវរួមចំណែកអីច្រើនទេក្នុងការប្រកួតចុងក្រោយរបស់ព័រទុយហ្គាល់នេះ។ Roy Keane ថា សមត្ថភាពរបស់គេមិនសមនឹងតម្លៃខ្លួ១០០លានអឺរ៉ូទេ។
៣. Kevin De Bruyne (១០០លានអឺរ៉ូ)
De Bruyne មានបញ្ហារបួសពីការប៉ះទង្គិចជាមួយ Joao Palhinha របស់ព័រទុយហ្គាល់។ គេមិនបានចូលរួមការហ្វឹកហាត់ចុងក្រោយរបស់បែលហ្ស៊ិកទេ ដូច្នេះទំនងមិនចូលលេងតទល់អ៊ីតាលីក្នុងវគ្គ៨ក្រុមឡើយ។
៤. Joshua Kimmich (៩០លានអឺរ៉ូ)
ខ្សែបម្រើស្លាប Bayern Munich លេងបានយ៉ាងល្អក្នុងវគ្គ១៦ក្រុម តែមិនអាចជួយអាល្លឺម៉ង់ឈ្នះអង់គ្លេសបាន។
៥. Bruno Fernandes (៩០លានអឺរ៉ូ)
Bruno ជាកម្លាំងស្នូលនៅ Man UTD តែក្នុងក្រុមជម្រើសជាតិមិនសូវបានរួមចំណែកអីច្រើនទេ។ ៤ប្រកួតកន្លងទៅ គេមិនអាចរកគ្រាប់បាល់ និង assist បានឡើយ។
៦. Bernado Silva (៧០លានអឺរ៉ូ)
ខ្សែបម្រើ Man City បញ្ចប់យុទ្ធនាការ Euro ដោយគ្មានគ្រាប់បាល់ និង assist ទេ ទោះបានលេងទាំង៤ប្រកួត។
៧. Paul Pogba (៦០លានអឺរ៉ូ)
Pogba អាចរកគ្រាប់បាល់ឲ្យបារាំងនាំមុខស្វីស៣ទល់នឹង១ តែក៏បានបង្កកំហុសឲ្យស្វីសតាមស្មើ រហូតដល់ចាញ់ដោយបាល់១១ម៉ែត្រ។
៨. Ruben Dias (៧៥លានអឺរ៉ូ)
ការប្រកួត Euro លើកដំបូងរបស់ Dias មិនរលូនដូចបំណង។ គេធ្វើឲ្យមានបាល់ចូលទីខ្លួនឯងពេលចាញ់អាល្លឺម៉ង់២ទល់នឹង៤ ហើយមិនអាចបញ្ចេញភាពខ្លាំងដូចនៅ Man City។
៩. Matthijs De Ligt (៧៥លានអឺរ៉ូ)
De Light លេងបានល្អ តែភ្លាត់ពេលបាល់ប៉ះដៃ។ ការទទួលបានកាតក្រហម ក៏ជាឫសគល់ដែលហូឡង់ចាញ់ឆែក។
១០. Raphael Varane (៧០លានអឺរ៉ូ)
Varane ទទួលបានទំនុកចិត្តច្រើន តែធ្វើមិនសូវបានល្អ ជាពិសេសពេលបារាំងរបូតគ្រាប់ទី២ និងទី៣ តទល់ស្វីស។
១១. Mike Maignan (២៥លានអឺរ៉ូ)
Maignan រង់ចាំយ៉ាងហោចមួយឆ្នាំអីទៀតទើបមានឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ធំៗ។