អ៊ុល រ៉ាវី ខ្សែបម្រើក្លិប ប៉ូលីស ត្រូវសម្រាកពីទីលានប្រហែល ៣ខែ
ខ្សែបម្រើក្លិបបាល់ទាត់ នគរបាលជាតិ កីឡាករ អ៊ុល រ៉ាវី នឹងត្រូវសម្រាកពីទីលានហ្វឹកហាត់រយៈពេល ២ ទៅ ៣ ខែក្រោយពីធ្វើការវះកាត់ជង្គង់ជោគជ័យកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ។ អតីតសមាជិកក្រុមជម្រើសជាតិ បាល់ទាត់កម្ពុជារូបនេះ បានបញ្ជាក់ថា ៖ គ្រូពេទ្យតំរូវអោយសម្រាក ២ ទៅ ៣ ខែ ទើបអាចចូលហ្វឹកហាត់បានខ្លះៗ ខណៈរូបគេរំពឹងថានឹងអាចឆាប់ជាអាចបានវិលចូលទីលានវិញ ជាពិសេសទាន់ការប្រកួតបើករដូវកាលថ្មី ២០២១ នៃលីគកំពូលបាល់ទាត់កម្ពុជានាពេលខាងមុខ ។
របួសរបស់សមាជិកក្រុមជម្រើសជាតិ U-23 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០១៥ រូបនេះបានរងរបួសពេលប្រកួតជាមួយក្លិបបាល់ទាត់ សូលទីឡូអង្គរ ក្នុងការបិទបញ្ចប់លីគកំពូលកម្ពុជា ដោយបានយកឈ្នះក្នុងលទ្ធផល ២ ទល់ ០ ។ ខណៈរដូវកាល ២០២០ នេះរូបគេបានជួបក្លិប ប៉ូលីស ជាប់ចំណាត់ថ្នាក់លេខ៩ ។
អ៊ុល រ៉ាវី ជាកីឡាករល្អម្នាក់ដែលធ្លាប់ជាប់ជម្រើសជាតិ ជាប់ដំបូង ២០១១ ជាប់ជម្រើសជាតិ U-19 ឆ្នាំ ២០១២ ជាប់ u22 ឆ្នាំ ២០១៤ u21 និង ឆ្នាំ ២០១៥ U22 និង U23 និងខកខានជាប់តាំងពីត្រលប់មកពី សុីហ្គេម វិញ រហូតដល់ឆ្នាំ ២០១៧ ទើបគ្រូបង្វឹកថ្មីជនជាតិ ប្រេស៊ីល Leonardo ផ្ដល់ ឱកាស កោះហៅចូលរួមសារជាថ្មី ៕