ធ្លាយរឿងក្រុមគ្រួសាររបស់កីឡាករបារាំងឈ្លោះគ្នា ក្រោយចាញ់ស្វីសជ្រុះចេញពី Euro 2020
ក្រុមជម្រើសជាតិបារាំងបានជ្រុះចេញពីពានរង្វាន់ Euro 2020 ត្រឹមវគ្គ១៦ក្រុមចុងក្រោយទាំងមិនគួរឱ្យជឿ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិស្វីស។
បរាជ័យរបស់ក្រុមជើងឯកពានរង្វាន់ FIFA World Cup 2018 គឺដោយសារតែការទាត់បាល់កាត់សេចក្តី១១ម៉ែត្របន្ទាប់ពីស្មើគ្នា៣ទល់នឹង៣ក្នុងការប្រកួត១២០នាទី ខណៈខ្សែប្រយុទ្ធ Kylian Mbappe គឺជាអ្នកដែលទាត់មិនចូលគ្រាប់ចុងក្រោយគេ។
យ៉ាងណាក្តីក្រោយពីបញ្ចប់ការប្រកួត ម្តាយរបស់ខ្សែបម្រើ Adrien Rabiot ត្រូវគេរាយការណ៍ថា បានបង្កជំលោះជាមួយគ្រួសារ Paul Pogba និង Kylian Mbappe ក្រោយពេលបារាំងចាញ់ស្វីសនៅវគ្គ១៦ក្រុមពានរង្វាន់ Euro 2020 ដោយអ្នកស្រី Rabiot ចោទថា Pogba និង Mbappe ជាអ្នកបង្កកំហុសធ្វើឱ្យក្រុមរងបរាជ័យ។ ជាពិសេសគឺអ្នកស្រីចង់ឱ្យឪពុករបស់ Mbappe បង្រៀនកូនឱ្យកែប្រែអត្តចរិកនៅលើទីលានផងដែរ។
គួរឱ្យដឹងថា ក្រុមមាន់គកបារាំងត្រូវបានគេព្យាករណ៍នឹងរំពឹងយ៉ាងខ្ពស់ថានឹងក្លាយជាជើងឯកពានរង្វាន់ Euro 2020 នេះដោយពឹងផ្អែកទៅលើសមាសភាពនិងគុណភាពកីឡាករនៅក្នុងក្រុមផងដែរ។