នៅ Real មិនកាក់កប ទៅដល់ក្លិបថ្មីភ្លាម កីឡាកររូបនេះទាត់ចូល២គ្រាប់ភ្លែត
Luka Jovic ដែលទើបចាកចេញពី Real Madrid ទៅ Eintracht Frankfurt លើលក្ខខណ្ឌខ្ចីអំឡុងទីផ្សារដោះដូរខែមករានេះ បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី១៧ ខែមករា។
ក្នុងការប្រកួតតទល់ Schalke 04 ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ី ត្រូវបានប្ដូរចូលនាទី៦២ ហើយ១០នាទីក្រោយមក គេក៏ទាត់ផ្កាប់ចានបញ្ចូលទីមួយនាំមុខ២ទល់នឹង១។ រំលងបាន១២នាទី កីឡាករដែលមិនសូវបានលេងនៅ Real Madrid ទាត់បន្ថែមមួយគ្រាប់ទៀត។
គួរដឹងដែរថា Jovic ដែលធ្លាប់ចំណាយពេល២រដូវកាលនៅ Frankfurt ចន្លោះឆ្នាំ២០១៧ដល់២០១៩ លើលក្ខខណ្ឌខ្ចីពី Benfica បានផ្លាស់ទៅ Real Madrid រដូវកាល២០១៩/២០២០ តែមិនសូវបានបង្ហាញខ្លួនឡើយ។ ការផ្ទេររបស់គេទៅក្លិបយក្សអេស្ប៉ាញមានតម្លៃ៦០លានអឺរ៉ូ ធ្វើឲ្យគេក្លាយជាកីឡាករវ័យក្រោម២៣ឆ្នាំថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណា ក្រោយមិនបានជោគជ័យនៅ Real Madrid គេបានវិលទៅអាល្លឺម៉ង់ កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៕