Lacazette ស៊ុតឲ្យ Arsenal ស្មើនាទី៩០+៥ ខណៈគ្រូ Crystal ថា ពិបាកទទួលយក
អ្នកចាត់ការ Patrick Viera និយាយថា ការតាមស្មើរបស់ Arsenal ពិតជាពិបាកទទួលយកបាន ខណៈក្រុម Crystal Palace របស់លោកទទួលបានមួយពិន្ទុនៅ Emirates Stadium សម្រាប់ការប្រកួត Premier League នៅថ្ងៃចន្ទ ទី១៨ ខែតុលា។
ក្នុងការប្រកួតដ៏តានតឹងនេះ និងជាការវិលទៅកាន់ក្រុមចាស់ខ្លួនពីសំណាក់លោក Patrick Viera ដែលជាអតីតប្រធានក្រុម Arsenal នោះ ក្រុមកាំភ្លើងធំបាននាំំមុខមុនក្នុងនាទីទី០៨ ដោយខ្សែប្រយុទ្ធ Aymeric Aubameyang។
ដល់នាទី៥០ Christian Benteke បានទាត់បញ្ចូលទីតាមស្មើឲ្យក្រុមភ្ញៀវ Crystal Palace ដែលកំពុងដឹកនាំដោយអតីតប្រធានក្រុម Arsenal លោក Viera។ ២៣នាទីក្រោយមក ក្រុមភ្ញៀវបន្ថែមមួយគ្រាប់ទៀតដោយការទាត់របស់ Odsonne Edouard ក្រោយការលេង counter-attack បានល្អ។
ការព្យាយាមតាមស្មើរបស់កាំភ្លើងបានសម្រេចក្នុងនាទី៩០+៥ ដោយការទាត់បន្ថែមពី Alexandre Lacazette ទោះបី Crystal Palace បានសង្គ្រោះម្ដងហើយម្ដងទៀតក៏ដោយ។
លោក Patrick Viera អ្នកចាត់ការ Crystal Palace ថ្លែងថា ពិតជាពិបាកទទួលយករឿងរបូតចុងម៉ោងបែបនេះ ព្រោះកូនក្រុមលោកបានប្រឹងប្រែងយ៉ាងខ្លាំង ហើយពួកគេពិតជាស័ក្ដិសមនឹងទទួលបាន៣ពិន្ទុ។ លោកពិតជាស្ដាយមែនទែន។
Arsenal បានឡើងទៅកាន់លេខ១២ មាន១១ពិន្ទុពីការប្រកួត៨លើក ខណៈ Crystal Palace នៅលេខ១៤ មាន៨ពិន្ទុ៕