Harry Maguire រម្លឹករឿងដ៏រន្ធត់អំឡុងពេលត្រូវចាប់ខ្លួននៅប្រទេសក្រិក
(BC-99)
“ពួកគេបានបង្ខំដោយទាត់ជើងខ្ញុំអោយលុតជង្គង់និងលើកដៃឡើងលើហើយបាននិយាយគំហកខ្លាំងៗដាក់ខ្ញុំថា ឯងនឹងបាត់បង់អាជីពចាប់ពីពេលនេះតទៅហើយ ឯងគ្មានបានលេងបាល់ស្អីតទៅទៀតទេ”! នេះគឺជាការនិយាយរម្លឹកហេតុការណ៍ឡើងវិញប្រាប់ទូរទស្សន៍ BBC ដោយខ្សែការពារបិសាចក្រហម Manchester United ។
ចាប់តាំងពីបានដោះលេងអោយមានសេរីភាពត្រឡប់មកអង់គ្លេសដែលជាប្រទេសកំណើតវិញ ទើបតែព្រឹកថ្ងៃព្រហស្បតិ៍នេះទេដែល Harry Maguire បានធ្វើកិច្ចសម្ភាសន៍ជាផ្លូវការណ៍លើកតំបូងរបស់គេជាមួយស្ថានីយ៍ទូរទស្សន៍ BBC ។
Maguire បានរម្លឹកឡើងវិញនូវហេតុការណ៍អស់នេះព្រមទាំងបានបង្ហាញពីការភ័យខ្លាចនិងមិននឹកស្មានដល់ថាជីវិតរបស់ខ្លួនអាចជួបរឿងដ៏រន្ធត់ជូរចត់បែបនេះ។ កីឡាករវ័យ២៧ឆ្នាំបាននិយាយថាបន្ទាប់ពីជនផ្តើមរឿងនិយាយឌឺដងបង្ករជាជម្លោះដោយសម្តីស្រាប់តែលេចមុខជនមួយក្រុមចេញមក ដោយគេបានរៀបរាប់យ៉ាងដូច្នេះថា “ដំបូងខ្ញុំគិតថាពួកគេគឺជាភេវរជនដែលប៉ុនប៉ងចាប់ជម្រិត។ គេបានបង្ខំយើងអោយលុតជង្គង់និងលើកដៃឡើងលើ រួចពួកគេក៏វាយមកលើយើង ហើយគេបានទាត់ជើងរបស់ខ្ញុំដោយនិយាយគំហកដាក់ខ្ញុំថា អាជីពឯងត្រូវចប់ហើយ។ កុំសង្ឃឹមថាបានលេងបាល់ទៀត! ឋិតក្នុងកាលទេសបែបនោះខ្ញុំមិនគិតថាពួកគេជាប៉ូលីសទេ។ ខ្ញុំមិនដឹងថាពួកគេជានរណាឡើយ ខ្ញុំមានការភ័យស្លន់ស្លោជាខ្លាំង ខ្ញុំភ័យខ្លាចបាត់បង់ជីវិត ដូច្នេះបានជាខ្ញុំព្យាយាមរត់គេច “។
លោក Yoannis Paradissis មេធាវីដែលជាអ្នកជួយធានានិងការពារក្តីអោយ Maguire បាននិយាយថាលោកសូមកោតសរសើរនិងអរគុណដល់មន្រ្តីប៉ូលីសដែលបានបំពេញការងាររបស់ពួកគេតាមនីតិវិធីតែលោកសូមធ្វើការចោទប្រកាន់ក្រុមប៉ូលីសដែលបានធ្វើអំពើសាហាវឃោរឃៅក្នុងអំឡុងពេលបំពេញការងាររបស់ពួកគេ។
Maguire បានបញ្ជាក់ជាថ្មីថាគេមានការសោកស្តាយជាខ្លាំងដែលខ្លួនត្រូវបានទម្លាក់ចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត Nations League ទល់នឹងអ៊ីស្លង់និងដាណឺម៉ាកនៅខែក្រោយ។ រូបគេក៏បានច្បិចបន្ថែមដែរថាការលេងជាមួយក្រុម Manchester United គឺជាបំណងធំបំផុតរបស់គេបើទោះជានឹងអាចប្រឈមទៅនឹងការដកហូតមុខតំណែងជាប្រធានក្រុមក៏ដោយ។