
Thiago Silva កុងត្រាមួយរដូវកាលជាមួយ Chelsea
ខ្សែការពារកណ្ដាល Thiago Silva បានចុះកិច្ចសន្យារយៈពេលមួយរដូវកាលនៅ Chelsea។ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៨ ខែសីហា។
កីឡាករវ័យ៣៥ឆ្នាំបានចូលរួមជាមួយតោខៀវដោយគ្មានតម្លៃខ្លួន ក្រោយផុតកិច្ចសន្យានៅ Paris Saint Germain ជាទីរូបគេរួមចំណែកឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League តែចាញ់ Bayern Munich នៅថ្ងៃទី២៣ ខែសីហា។
អតីតសមាជិក AC Milan នឹងជួយកែខៃតំបន់ការពាររបស់ Chelsea ដែលរបូត៥៤គ្រាប់នៅ Premier League រដូវកាល២០១៩/២០២០ កន្លងទៅ។
Silva អះអាងសប្បាយចិត្តចំពោះការលេងនៅ Chelsea និងជាផ្នែកនៃក្រុមលោក Frank Lampard។
កីឡាករប្រេស៊ីលដែលបង្ហាញខ្លួននៅជម្រើសជាតិ៨៨ដង ចូលលេងបានជាង២០០ប្រកួតនៅ PSG អំឡុងវត្តមាន៨ឆ្នាំ ដោយឈ្នះជើងឯក French Ligue 1 ៧ដង។
គេជាកីឡាករថ្មីទី៥ បន្ទាប់ពី Ben Chilwell, Hakim Ziyech, Timo Werner និង Malang Sarr៕