ទិដ្ឋភាពសប្បាយដល់កពីអ្នកគាំទ្រអង់គ្លេសក្រោយ
គ្រាន់តែអាជ្ញាកណ្ដាល Felix Brych ផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាម អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបាននាំគ្នាអបអរសាទរយ៉ាងអឺងកងពាសពេញក្រុងឡុងដ៍។
នេះជាការរង់ចាំរយៈពេល២៥ឆ្នាំហើយទម្រាំបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro។
ជ័យជម្នះ៤ទល់នឹង០លើអ៊ុយក្រែនបាននាំគ្រូបង្គោល Gareth Southgate និងកីឡាករអង់គ្លេសឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពួកគេត្រូវបន្តជួបដាណឺម៉ាកដែលកំពុងតែឡើងជើង។
ក្រោយ៣ប្រកួតក្នុងពូល រកបាន២គ្រាប់ អង់គ្លេសលេងបានកាន់តែល្អក្នុងវគ្គចាញ់ធ្លាក់ ដោយឈ្នះអាល្លឺម៉ង់២ទល់នឹង០ មុនបន្តផ្ដួលអ៊ុយក្រែន៤ទល់នឹង០។
បើងាកទៅមើលអ្នកគាំទ្រអង់គ្លេសវិញ សប្បាយសាហាវតែម្ដង មានទាំងអ្នកដេកដួលលើដី ហើយឲ្យមិត្តភក្ដិបញ្ចុកស្រាបៀរទៀត។
ទន្ទឹមនឹងនេះ មានអ្នកខ្លះឡើងលើតុ អ្នកខ្លះប៉ះជើងឡើងលើ។ អង់គ្លេសពិតជាលេងបានល្អ ព្រោះមានឱកាសស៊ុត១០ដង និងចំគោលដៅ៦ដង ចូល៤គ្រាប់។ នេះក៏ជាលើកដំបូងដែលក្រុមតោកំណាចរកបាន៣គ្រាប់ដោយប្រើក្បាលក្នុងមួយប្រកួត៕