ក្លិប វិសាខា ត្រូវឆ្លងតែក្រុមមួយប៉ុណ្ណោះ ដើម្បីចូលវគ្គចែកពូល AFC CUP បន្ទាប់ពីក្លិបមីយ៉ាន់ម៉ាដកខ្លួន
ក្លិបបាល់ទាត់ វិសាខា ត្រូវឆ្លងកាត់ ក្លិបមកពីទីម័រ FC Lalenok United តែមួយប៉ុណ្ណោះដើម្បីឈានចូលទៅវគ្គចែកពូលក្នុងពានរង្វាន់ លំដាប់ទី២របស់ អាស៊ី AFC Cup 2021 បន្ទាប់ពីក្លិប២របស់ មីយ៉ាន់ម៉ា បានដកខ្លួនចេញពីការប្រកួតពានរង្វាន់នេះ ដោយសារបញ្ហានយោបាយ ។
ការប្រកួតវគ្គ Play Off ដែលគ្រោងរៀបចំនៅទឹកដីកណ្តាលនាប្រទេសសិង្ហបុរី ក្លិប វិសាខា ត្រូវប៉ះ FC Lalenok United នៅថ្ងៃទី ១៩ ខែ ឧសភា បើសិនក្រុមរបស់កម្ពុជាឈ្នះនឹងឡើងបន្តទៅជួបក្រុមមកពីឥណ្ឌូនេសុី Persipura Jayapura ប៉ុន្តែពេលនេះក្រុមបាល់ទាត់ Persipura Jayapura បានចូលទៅវគ្គចែកពូលជាស្វ័យប្រវិត្តហើយ ដើម្បីជំនួសកន្លែងក្លិប Shan United របស់មីយ៉ាន់ម៉ា ដែលបានដកខ្លួនចេញក្នុងពូល H ។ ដូចនេះមានន័យថាបើក្លិប វិសាខា ត្រូវឆ្លងតែក្រុម Lalenok United មួយប៉ុណ្ណោះបើឈ្នះនោះនឹងបានចូលទៅវគ្គចែកពូលតែម្តង ដោយមិនបាច់ប្រកួតជាមួយក្រុម Persipura Jayapura ទៀតនោះទេ ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ Hanthawady United និង Shan United របស់មីយ៉ាន់ម៉ា បានសម្រេចដកខ្លួនចេញពីការប្រកួតក្នុងពានរង្វាន់ អាស៊ី AFC Cup 2021 ដោយសារបញ្ហាវិបត្តិនយោបាយដែលកំពុងកើតមាននាពេលបច្ចុប្បន្ន នេះ ៕