ស្នាដៃមួយចំនួនរបស់ Schalke 04 មុនធ្លាក់ទៅលីគទី២អាល្លឺម៉ង់
ដូចបានដឹងស្រាប់ហើយថា Schalke 04 នឹងមិនមានវត្តមានក្នុងការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ទៀតទេនៅរដូវកាល២០២១/២០២២ ខាងមុខ ដោយពួកគេអស់ឱកាសក្នុងការប្រជែងកៅអីសុវត្ថិភាព ក្រោយមានត្រឹម១៣ពិន្ទុពី៣០ប្រកួត។ ពួកគេនៅក្រោមក្រុមលេខ១៥ Arminia Bielfield ១៧ពិន្ទុ ខណៈការប្រកួតនៅសល់តែ៤លើកទៀតប៉ុណ្ណោះ។
នេះជាលើកដំបូងហើយក្នុងរយៈពេល៣៣ឆ្នាំដែលក្រុមបង្កើតឡើងក្នុងឆ្នាំ១៩០៤ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូល។
តែមុននឹងធ្លាក់ទៅលីគទី២សាជាថ្មី Schalke 04 ធ្លាប់ឈ្នះជើងឯក Bundeseliga ៧ដង គឺនៅឆ្នាំ 1934, 1935, 1937, 1939, 1940, 1942, 1958។ German Cup ៥ដងនៅឆ្នាំ 1937, 1971–72, 2000–01, 2001–02, 2010–11។ ពួកគេក៏ធ្លាប់លើកពាន Bundesliga 2 ឆ្នាំ 1981–82 និង 1990–91។
ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបវិញ Schalke 04 ធ្លាប់ឈ្នះ UEFA Cup មួយដងក្នុងរដូវកាល១៩៩៦/១៩៩៧ និង UEFA Intertoto Cup ២ដង ក្នុងឆ្នាំ២០០៣ និង២០០៤។
ដោយឡែក ក្រោយការប្រកួតដែលចាញ់ Arminia Bielfield កីឡាករ Schalke 04 ត្រូវបានក្រុមអ្នកគាំទ្រគប់ពងមាន់ដាក់ថែមទៀត៕