Barca សម្លឹងឃើញខ្សែការពារ ATM ម្នាក់ជំនួស Pique ដែលមានរបួស
Felipe Augusto ខ្សែការពារកណ្ដាល Atletico Madrid កំពុងស្ថិតបញ្ជីផ្ទេរចូលរបស់ FC Barcelona ក្នុងទីផ្សារដោះដូរកីឡាករនាខែមករា ខាងមុខ។
ចំណាប់អារម្មណ៍នេះកើតឡើងដោយសារតែក្រុមរហស្សនាមអ្នកមានបុណ្យចង់រកអ្នកជំនួសកៅអីខ្សែការពារកណ្ដាលរបស់ Gerard Pique ដែលមានរបួសសរសៃពួរ ទាមទារសម្រាករហូតដល់ទៅ៥ខែ។
យោងតាម Marca ក្រុមលោក Ronald Koeman ក៏សម្លឹងឃើញបេក្ខជនម្នាក់ទៀត គឺ Eric Garcia របស់ Manchester City។
Marca បញ្ជាក់ថា Barca ចង់បាន Felipe វ័យ៣១ឆ្នាំ ព្រោះខ្សែការពាររូបនេះមិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការ Atletico Madrid លោក Diego Simeone ទេ។ យ៉ាងណា អ្នកចាត់ការជនជាតិអាហ្សង់ទីនរូបនេះចង់ទិញយ៉ាងហោចកីឡាករ៤នាក់ទៀតសិនដើម្បីប្រជែងនៅ La Liga, Champions League និង Copa del Rey។ ប្រសិនបើរកមិនបាន ATM ទំនងនៅតែទុក Felipe បន្តទៀត។
ជាមួយគ្នានេះ Mundo Deportivo បង្ហើបថា Shkodran Mustafi (Arsenal) និង Antonio Rudiger (Chelsea) ក៏ស្ថិតក្នុងការចាប់អារម្មណ៍របស់ FC Barcelona ដែរ៕