ក្របខណ្ឌបាល់ទាត់កំពូលអេស្ប៉ាញ La Liga កំពុងជ្រែកខ្លួនចូលទៅកាន់ប្រទេសអង់គ្លេស
(BC-99)
La Liga នឹងពង្រីកការផ្សាយរបស់ខ្លួនទៅកាន់ប្រទេសអង់គ្លេសនៅសប្តាហ៍ក្រោយតាមរយៈប៉ុស្តិ៍ទូរទស្សន៍ Sky ដើម្បីអោយអ្នកគាំទ្រនៅអង់គ្លេសបានទស្សនាការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលមួយនេះ។
នេះគឺជាជំហានដ៏ធំមួយនៅក្នុងផែនការរបស់ប្រធានក្របខណ្ឌ La Liga លោក Javier Tebas ដើម្បីពង្រីកវិសាលភាពកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅកាន់ពិភពខាងក្រៅ។ La Liga គឺជាលីកបាល់ទាត់ដំបូងគេដែលដំណើរការលើប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួន(ប៉ុស្តិ៍ La Liga) ដោយបានផលិតកម្មវិធីពេញលេញនិងបានចាក់ផ្សាយ២៤ម៉ោងក្នុងមួយថ្ងៃនៅប្រទេសរបស់ខ្លួននិងបានរកដៃគូផ្សាយនៅជុំវិញពិភពលោកតាមរយៈទូរទស្សន៍ដទៃទៀតនៅទ្វីបអាមេរិកខាងជើង អនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក អាស៊ីអាគ្នេយ៍និងអូស្ត្រាលី។
នាយកទូរទស្សន៍ La Liga លោក Simon Hanley បាននិយាយអោយដឹថា “ ប្រិយ៍មិត្តបាល់ទាត់នៅអង់គ្លេសច្បាស់ជាចង់ឃើញកីឡាករ Lionel Messi, Gareth Bale, Eden Hazard …កីឡាករឆ្នើមនិងក្រុមធំបំផុតនៅលើពិភពលោកដទៃទៀតដែលមានតែនៅក្នុង La Liga។ យើងចង់អោយអ្នកដែលងប់ងល់នឹងក្របខណ្ឌមួយនេះអាចមើលការប្រកួតបានរបស់យើង ហើយយើងចង់ផ្តល់យោបល់និងការវិភាគរបស់យើងអោយពួកគេផងដែរ។ ”
គួបញ្ជាក់ថាលោក Javier Tebas ប្រធានក្របខណ្ឌ La Liga បានដាក់គោលការណ៍ពង្រីកមុខមាត់ក្របខណ្ឌមួយនេះអោយពិភពលោករិតតែស្គាល់ថែមទៀតដោយបានរៀបចំកម្មវិធីប្រកួតរបស់ក្រុមទាំង២០ដែលចែកចេញជាចំនួន១០គូមិនអោយមានការប្រកួតប្រជែងណាមួយជាន់ពេលវេលាគ្នាឡើយដោយថ្ងៃសៅរ៍មាន៥គូ ប្រកួតប្រដេញនៅវេលាម៉ោង ១១:០០, ១៣:០០, ១៥:០០, ១៧:០០ និង ២០:០០ រិឯ៥គូទៀតលេងនៅថ្ងៃអាទិត្យប្រកួតប្រដេញនៅម៉ោងដូចគ្នាដដែល។