
ជម្រើសជាតិថ្នាលសូហ្វតិន្នីស៣រូប ត្រូវក្មេងទំនើងកាប់ពេលចេញពីប្រឡង

កីឡាករថ្នាលជម្រើសជាតិសូហ្វតិន្នីសកម្ពុជាចំនួន៣រូប រួមមាន៖ កីឡាករ រស់ សារ៉ាត់, គង់ សុចិន និងកីឡាករ បូរ សុខរ័ត្ន ត្រូវបានក្មេងទំនើងមួយក្រុម (មិនស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយកាំបិត និងដាវ ដេញកាប់ប្រហារតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រង់ចំណុចអាគារ៤២ជាន់ ម្តុំផ្សារទំនើបឡាក់គី ប្រមាណម៉ោង៧យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាឱកាសដែលពួកគេទាំង៣រូប ចេញពីប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) បំណងធ្វើដំណើរទៅផ្ទះ បណ្តាលឲ្យកីឡាករ បូរ សុខរ័ត្ន រងរបួសប្រេះលលាដ៍ក្បាលធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម ឯកីឡាករ គង់ សុចិន រយះស្មាខាងស្តាំដេរ១១ថ្នេរ និងកីឡាករ រស់ សារ៉ាត់ ដាច់មេដៃខាងស្តាំ និងដាច់រយះស្មាខាងឆ្វេងធ្ងន់ធ្ងរ ។
បច្ចុប្បន្ន ពួកគេទាំង៣ កំពុងទទួលការសង្គ្រោះព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។
អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏ដូចជាសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន យើងខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយអន្តរាគមន៍វែកមុខជនដៃដល់ និងបក្សពួកដែលសុទ្ធសឹងជាក្មេងទំនើងបង្កហេតុ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
យើងខ្ញុំពិតជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលហេតុការណ៍នេះ បានកើតឡើងចំពោះកីឡាករជម្រើសជាតិថ្នាលសូហ្វតិន្នីសកម្ពុជា ដែលមានសក្ដានុពល និងជាធនធានរបស់ជាតិយើង ត្រៀមសម្រាប់ប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ជាពិសេសស៊ីហ្គេម២០២៣៕ ប្រភព៖ Cambodia-Soft-Tennis-Federation



