តម្រុយកាន់តែច្បាស់ពីការចាកចេញរបស់ជា វណ្ណសាក់ ពីវិសាខា
តាំងពីល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃសៅរ៍ ទី២១ គេបានឃើញសារជាច្រើនស្ដីពីតម្រុយនៃការចាកចេញពីក្លិបបាល់ទាត់វិសាខារបស់អ្នកចាំទី ជា វណ្ណសាក់។
ជាក់ស្ដែង អ្នកចាំទីដៃទីពីរក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួននៅរាត្រីថ្ងៃសុក្រ ថា THANK-YOUFAMILYVISAKHAFC ឬអរគុណគ្រួសារវិសាខា។
ក្រោយមកសារផ្សេងៗទៀតក៏បានរំលេចលើ Wall របស់កីឡាករមានប្រភពពីខេត្តស្វាយរៀងរូបនេះក្នុងន័យជូនពរ។ ក្នុងនោះ កែវ សុខសិលា ដែលជាមិត្តរួមក្រុមក៏បានសរសេរបែបនេះ “៖Good luck ah p’oun pros wish u all the best na ah p’oun pros ឬជូនពរ សំណាងល្អប្អូនប្រុស។”
គួរដឹងដែរថា ជា វណ្ណសាក់ បានចូលរួមជាមួយវិសាខា នៅរដូវកាល២០១៧។ គេបានរួមចំណែកយ៉ាងសំខាន់ក្នុងនាមអ្នកចាំទីដៃទីមួយ ដោយឈ្នះជើងឯកក្របខណ្ឌទីពីរ និងស្រោមដៃមាសទៀតផង។ នៅរដូវកាល២០១៨ ឆ្នាំដំបូងនៅក្របខណ្ឌកំពូល វិសាខាបានផ្ទេរយកអតីតអ្នកចាំទីភ្នំពេញក្រោន កែវ សុខសិលា ដែលការមកដល់នេះធ្វើឲ្យវណ្ណសាក់ របូតកៅអីជម្រើសដំបូងដល់បច្ចុប្បន្ន។
នៅរដូវកាល២០២០កន្លងទៅ អតីតយុវជនព្រះខ័នរាជស្វាយរៀង ជា វណ្ណសាក់ ដែលជាប់ជម្រើសជាតិកម្ពុជាទាំងក្រុម U19 ដល់ក្រុមធំ បានចូលលេងបានត្រឹមមួយប្រកួតប៉ុណ្ណោះនៅ MCL ពេលចាញ់ព្រះខ័នរាជស្វាយរៀង នៅជើងទីពីរក្នុងដីខ្លួនឯង។
យ៉ាងណា គេមិនទាន់ឃើញទំព័រផ្លូវការក្លិបបាល់ទាត់វិសាខា ផ្សព្វផ្សាយពីការចាកចេញរបស់វណ្ណសាក់នៅឡើយទេ។ ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា៕