Monaco ដាក់កីឡាករក្រោម២៣ឆ្នាំ៨នាក់ ស៊ី PSG ៣-២
AS Monaco បានវាយបកពីការនាំមុខពីរគ្រាប់ដោយ Paris Saint Germain ទៅយកបាន៣ពិន្ទុវិញ ដោយលទ្ធផល៣ទល់នឹង២ ក្នុងការប្រកួតលីគកំពូលបារាំង នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា។
Kylian Mbappe រកបានពីរគ្រាប់ម្នាក់ឯងនៅនាទី២៥ និងនាទី៣៧ ក្រោយវិលពីសម្រាកដោយសាររបួស។
ផ្ទុយទៅវិញ Monaco បានកែប្រែទម្រង់លេង ហើយ Kevin Volland វាយបកពីរគ្រាប់មកវិញនៅនាទី៥២ និងនាទី៦៥។ សល់៦នាទីចប់ការប្រកួតទាំងស្រុង Cesc Fabregas បានទាត់បាល់១១ម៉ែត្របញ្ចូលទីផុតដៃ Keylor Navas។
នៅវគ្គទីមួយ PSG គ្រប់គ្រងទីលានយ៉ាងសន្ធឹកសន្ធាប់ តែគ្រាប់បាល់របស់ Moise Kean និង Mbappe មិនត្រូវអនុញ្ញាតឲ្យចូលឡើយ ដោយសារ off-side។
នេះជាបរាជ័យលើកដំបូងក្នុងចំណោម៨ប្រកួតសម្រាប់ក្រុមការពារតំណែងជើងឯកមានមូលដ្ឋាននារដ្ឋធានីប៉ារីស។ ពួកគេរបូតត្រឹមមួយគ្រាប់ប៉ុណ្ណោះ នៅ៨ប្រកួតមុន តែយ៉ាងណា វាហាក់មិនល្អដូចក្រុមជើងឯករដូវកាល២០១៦/២០១៧ Monaco ឡើយ ទោះបីមានខ្សែប្រយុទ្ធឆ្នើមៗ៣នាក់ដូចជា Mbappe, Neymar និង Kean។
ដោយឡែក Monaco មិនមានប្រធានក្រុម Wissam Ben Yedder ទេដោយសារតេស្ដឃើញវិជ្ជមានវីរុសកូរ៉ូណា។ អ្នកចាត់ការ Niko Kovac បានដាក់កីឡាករអាយុក្រោម២៣ឆ្នាំដល់ទៅ៨នាក់នៅជម្រើស១១នាក់ដំបូង។
១១ប្រកួត PSG នៅកំពូលតារាងដដែលមាន២៤ពិន្ទុពីលើក្រុមលេខពីរ មាន២០ពិន្ទុ៕