២០២២ អាចជាឆ្នាំចុងក្រោយនៃអាជីពបាល់ទាត់របស់អ្នកចាំទី សំរិត សីហា
គិតមកទល់ពេលនេះមានរយៈពេល១៩ឆ្នាំហើយដែលអ្នកចាំទីសម្បូរបទពិសោធ សំរិត សីហា ប្រកបអាជីពបាល់ទាត់។ អ្នកចាំទីណាហ្គាវើលដ៍បច្ចុប្បន្ន មិនសូវបង្ហាញខ្លួនប៉ុន្មានទេក្នុងការប្រកួត ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជាទូទៅ ស៊ូ យ៉ាទី ជាជម្រើសទី១។
ដោយឡែក សីហា បានដើរតួនាទីជាគ្រូចាំទីផង និងលេងខ្លួនឯងផង។ គេបានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា “៖ ក្នុងរយៈពេល19ឆ្នាំដែលជាកីឡាករ ប្រហែលជាឆ្នាំចុងក្រោយហេីយសំរាប់ខ្ញុំ។”
សំរិត សីហា ធ្លាប់សាងស្នាដៃគួរកត់សម្គាល់ដោយបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្លិបក្រសួងការពារជាតិ ឆ្នាំ២០១០ និងជើងឯក Metfone Cambodian League រដូវកាល២០១៨ នៅណាហ្គាវើលដ៍។
កីឡាករធ្លាប់លេងនៅភ្នំពេញក្រោន និងខេមបូឌានថាយហ្គឺរ វ័យជាង៣០ឆ្នាំរូបនេះធ្លាប់ជាប់ក្រុមធំជម្រើសជាតិពីឆ្នាំ២០០៧ដល់២០១៥ទៀតផង។
គេក៏បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុុជាឆ្លងផុតវគ្គជម្រុះ ចូលដល់ជ៉ំចុងក្រោយ AFF Suzuki Cup 2008 ក្រោយខកខានជិត១០ឆ្នាំ៕