អតីតជំនួយការរបស់លោក Sir Alex Ferguson យល់ស្របចំពោះមតិយោបល់របស់ Roy Keane ទាក់ទងទៅនឹង Paul Pogba
(BC-99)
Rene Meulensteen បានប្រាប់ talkSPORT ថា Paul Pogba មិនអាចជាកីឡាករលំដាប់ពិភពលោកនោះទេដោយបានបរិយាយអំពីខ្សែបម្រើក្រុមបិសាចក្រហម Manchester United រូបនេះថាមិនយកចិត្តទុកដាក់ប្រឹងប្រែងជួយក្រុមឱ្យអស់ពីសមត្ថភាពរបស់គេឡើយ។
អតីតប្រធានឈាមក្តៅរបស់បិសាចក្រហម Roy Keane ធ្លាប់បានរិះគន់ជារឿយៗដល់កីឡាករម្ចាស់ជើងឯក FIFA World Cup 2018 ថាជាកីឡាករដែលល្អតែឈ្មោះតែមិនមានសមត្ថភាពជួយក្រុម Manchester United ឡើយចាប់តាំងពីក្រុមនេះឈ្នះពាន UEFA EUROPA League នាពេលកន្លងមក។ លោកក៏ធ្លាប់បាននិយាយដែរថា Pogba បានបំបែកកីឡាករ Manchester United ឱ្យក្លាយទៅជាក្រុមតូចៗផ្សេងទៀតដែលមិនមែនជាការរួបរួមគ្នាក្នុងនាមជាកីឡាករក្នុងក្លិបតែមួយ។
ស្របទៅនិងសម្តីរិះគន់របស់ Roy Keane នេះដែរអតីតជំនួយការរបស់ Sir Alex Ferguson លោក Rene Meulensteen បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើកីឡាករបារាំងរូបនេះដែរថា “ប្រសិនបើយើងមើលកីឡាករលំដាប់ពិភពលោកដូចជា Pele, [Diego] Maradona, [Johan] Cruyff, [Franz] Beckenbauer, Eusebio, [Bobby] Charlton ពួកគេទាំងអស់សុទ្ធតែធ្វើឱ្យទាក់អារម្មណ៍។ បន្ទាប់មកមាន [Cristiano] Ronaldo, [Lionel] Messi Paul Schole បើទោះជាមិនធ្លាប់ឈ្នះពានពិភពលោកក៏ពួកគេមានចំណង់ចង់ឈ្នះឱ្យក្លិបរៀងៗខ្លួន។ ខ្ញុំមិនប្រឆាំងនិងការលេងរបស់ Paul Pogba ក្នុងតួនាទីរបស់គេទេ ក៏ប៉ុន្តែក្នុងនាមជាកីឡាករម្នាក់ដែលរកពានពិភពលោកឱ្យបារាំងវាដូចសាមញ្ញណាស់ដែលគេលេងដូចសព្វថ្ងៃនេះ” ។
គួរបញ្ជាក់ថា Pogba គឺជាមូលហេតុដែលនាំឱ្យ Arsenal ឈ្នះ Man Utd ១-០ នៅ Old Trafford ដោយបាល់ពិន័យ ១១ ម៉ែត្រកាលពីសប្តាហ៍មុនដោយសារតែរូបគេបានធ្វើឱ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់។