Liverpool ឈ្នះពានរង្វាន់ Premier League ជាលើកដំបូងក្រោយពីរង់ចាំអស់រយៈពេល៣០ឆ្នាំ
(BC-99)
ទោះជានៅសល់ការប្រកួតចំនួន៧ដងទៀតក៏ដោយក៏ហង្សក្រហម Liverpool មានពិន្ទុគ្រប់គ្រាន់ក្នុងការលើកពានរង្វាន់ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានដែរក្រោយពី Chelsea បានចូលរួមបន្ថែមគម្លាតដោយប្រកួតឈ្នះ Manchester City ២-១។
ក្រុមរបស់លោក Jurgen Klopp ដែលត្រូវការឈ្នះតែមួយប្រកួតទៀតដើម្បីធានានូវភាពជាម្ចាស់ពានរង្វាន់ជើងឯក Premier League នោះត្រូវបានក្រុមតោខៀវ Chelsea របស់លោក Frank Lampard បានជួយសម្រេចនូវសេចក្តីបំណងនេះហើយ។
Liverpool តាមពិតទៅត្រូវការឈ្នះការប្រកួតក្នុងជំនួបដែលពួកគេត្រូវប៉ះជាមួយគូប្រជែង Manchester City នៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែការឆក់យក៣ពិន្ទុរបស់ Chelsea កាលពីយប់ម៉ិញនេះបានធ្វើអោយ ហង្សក្រហមឈ្នះពានរង្វាន់ទាំងមិនទាន់បានចំណាយកម្លាំងតែម្តង។
Pulicic គឺជាអ្នកស៊ុតបើកឆាកជួយអោយ Chelsea នាំមុខមុននៅតង់ទី១ តែនៅតង់ទី២ Kevin De Bruyne ក៏តាមបានស្មើមកវិញ។ ដោយសារការយកដៃវាយបាល់ដោយ Fabinho ទើបធ្វើអោយ Willian ទទួលបានបាល់ពិន័យ១១ម៉ែត្រនិងស៊ុតបញ្ចូលទីយកឈ្នះតែម្តង។ បរាជ័យរបស់ Manchester City ធ្វើអោយពួកគេឃ្លាតពីម្ចាស់ជើងឯកថ្មីចំនួន ២៣ពិន្ទុដែលបញ្ជាក់ថាពួកគេមិនអាចតាមប្រជែងទាន់ទៀតឡើយ។
នាយប់ម៉ិញនេះផងដែរក៏មានប្រិយ៍មិត្ត Liverpool ជាច្រើនបានមកជួបជុំគ្នានៅខាងក្រៅទីលាន Anfields ដើម្បីចាំអបអរសាទរដល់ក្លឹបរបស់ខ្លួនផងដែរ។ ទោះជាត្រូវបានហាមឃាត់នពីការជួបជុំគ្នានេះក៏ដោយក៏តាមរយៈសារព័ត៌មានបរទេសបានផ្តិតយករូបភាពដែលពួកគេបានដុតភ្លើងផាវពណ៌ក្រហមនិងការស្រែកនសាទរជាដើម។
គម្រោងលើកពានជាផ្លូវការអាចនឹងធ្វើឡើងនៅសប្តាហ៍បន្ទាប់ តែក៏ត្រូវមានការយល់ព្រមពី Manchester City ដែរ តែបើតាមមតិភាគច្រើន Liverpool គួរតែប្រារព្វពិធីនេះលើទឹកដីរបស់ខ្លួននៅពេលដែលពួកគេប្រកួតជាមួយ Aston Villa នាយប់ថ្ងៃអាទិត្យទី៥កក្កដាខាងមុខនេះ។
សូមរង់ចាំតាមដានពីសកម្មភាពក៏ដូចជាព័ត៌មានការបំបែកឯតទគ្គកម្មរបស់ Liverpool ដែលសម្រេចបានតាមរយៈ MSR នៅលេខបន្ទាប់ទៀត!។