Ighalo ប្រាប់អោយដឹងពីវិរបុរសរបស់ខ្លួននៅក្នុងក្រុមបិសាចក្រហម
(BC-99)
Odion Ighalo បានបង្ហើបឱ្យដឹងថាអតីតខ្សែប្រយុទ្ធក្រុម Manchester United គឺ Dwight Yorke និង Andy Cole គឺជាវីរបុរសរបស់គេកាលពីនៅក្មេង។
Ighalo ដែលជាអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United តាំងពីវ័យកុមារបានធ្វើការផ្លាស់ប្តូរដ៏គួរអោយរភ្ញាក់ផ្អើលមួយក្រោយពីគេបានចូលរួមជាមួយក្លិបនេះតាមរយៈកិច្ចសន្យាខ្ចីជើងពីក្រុមបាល់ទាត់ Shanghai Shenhua កាលពីខែ មករា ដោយបានបង្ហាញការលេងដ៏ល្អ។ Ighalo បានប្រាប់គេហទំព័រផ្លូវការរបស់ United ថាការសិក្សារបៀបលេងពីសិស្សច្បង Yorke និង Cole បានជួយឱ្យគេបង្កើតបានជាសមទ្ធផលល្អនៅលើទឹកដី Old Trafford ។
Ighalo បានបញ្ជាក់ទៀតថា៖ “ខ្ញុំមានវីរបុរសបាល់ទាត់ជាច្រើនដែលខ្ញុំបានត្រងត្រាប់តាម។ នៅពេលដែលខ្ញុំចាប់ផ្តើមគាំទ្រ Man United Dwight Yorke និង Andy Cole គឺជាវីរបុរសរបស់ខ្ញុំ។ ហើយកីឡាករនីហ្សេរីយ៉ាមួយចំនួនដូចជា Jay Jay Okocha និង Nwankwo Kanu ជាដើមដែលពួកគេសុទ្ធសឹងតែជាកីឡាករដ៏អស្ចារ្យ ពួកគេជាវីរបុរសរបស់ខ្ញុំដែលខ្ញុំបានមើលពួកគេនៅលើកញ្ចក់ទូរទស្សន៍។ វាពិតជាមិនគួរអោយជឿសម្រាប់ជីវិតខ្ញុំដែលបានលេងនៅក្លឹបរបស់ Dwight Yorke និង Andy Cole” ។
គួរបញ្ជាក់ថា Yorke និង Cole ត្រូវបានគេផ្តល់រហស្សនាមថាជាមច្ចុរាជខ្មៅមួយគូដែលបានជួយអោយបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ជាច្រើននៅក្នុងរដូវកាលឆ្នាំ ១៩៩៨-៩៩ ។ Dwight Yorke រកគ្រាប់បាល់បាន ៦៦ គ្រាប់ក្នុងចំណោម ១៤៧ ប្រកួតនៅខណៈពេលដែល Andy Cole រកបាន ១២១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៧៥ ដងអោយក្រុមដែលដឹកនាំដោយ Sir Alex Ferguson ។