កីឡាករម្នាក់ថា សុខចិត្តលេងនៅលីគទី៤ ប្រសើរជាងអង្គុយបម្រុងនៅ Barca
កីឡាករវ័យក្មេង Jean Clair Todibo បានប្រើពាក្យខ្លាំងៗ ទោះបីគេនៅមានឈ្មោះបើកប្រាក់ខែពី FC Barcelona ក៏ដោយ។
ពាក្យធ្ងន់ៗរបស់យុវជនវ័យ២២ឆ្នាំ គឺបែបនេះ “៖វាមិនល្អទេដែលត្រូវទៅ Barcelona ដើម្បីតែអង្គុយមើល។ បើបានលេងត្រឹមក្លិប Sedan Ardennes (លីគទី៤បារាំង) ក៏ល្អជាងត្រឹមអង្គុយមើលគេលេងនៅ Barca ដែរ។ តាមពិតទៅវាអស្ចារ្យហើយដែលបានទៅទីនោះ តែខ្ញុំលេងបានតែ៥ប្រគួតហ្នឹង។ ពិបាកទទួលយកណាស់។” នេះជាសម្ដីរបស់គេដែលបានថ្លែងប្រាប់សារព័ត៌មានបារាំង L’Equipe។
ក្នុងខែមករា ឆ្នាំ២០១៩ គេបានចាកចេញពី Toulouse ទៅ FC Barcelona ក្នុងតម្លៃ៨៥ម៉ឺនផោន និងរួមចំណែកឈ្នះជើងឯក La Liga។ យ៉ាងណា សមាជិកក្រុម U20 ជម្រើសជាតិបារាំងមិនខ្វាយខ្វល់ខ្លាំងពីរឿងលើកពានទេ ព្រោះគិតថា មិនបានជួយអ្វីច្រើនឡើយ តែថា គេក៏អាចធ្វើបានប្រសើរជាងនេះដែរ។
ដោយសារមិនសូវបានបង្ហាញខ្លួន Todibo បានចូលរួមជាមួយក្លិបផ្សេងៗទៀតក្នុងលក្ខខណ្ឌខ្ចីដែលមាន Schalke, Benfica និងបច្ចុប្បន្ន Nice។ គិតមកទល់ពេលនេះ គេលេងបាន៧ដងនៅក្របខណ្ឌកំពូលបារាំង ហើយ Nice ក៏មានសិទ្ធិទិញផ្ដាច់ក្នុងតម្លៃ៧លាន៣សែនផោន។
មានលេចឮដំណឹងថា អនាគតរបស់គេនៅ Barcelona មិនទាន់ច្បាស់លាស់នៅឡើយទេ ខណៈអ្នកចាត់ការ Ronald Koeman ហាក់គ្មានឆន្ទៈផ្ដល់ឱកាសដល់ Todibo ឡើយ៕