សហព័ន្ធបាល់ទាត់ចិនប្រកាសមិនរៀបចំកម្មវិធីដែលមាន Messi
នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ សមាគមកីឡាបាល់ទាត់ប៉េកាំង (BFA) បានប្រកាសថា ពួកគេមិនមានបំណងរៀបចំព្រឹត្តិការណ៍កីឡាណាមួយទាក់ទងនឹង Messi នាពេលខាងមុខនេះទេ។ នេះជាចំណាត់ការដែលបញ្ជាក់ពីជំហររបស់អាជ្ញាធរចិនចំពោះរឿងអាស្រូវថ្មីៗទាក់ទងនឹងតារាឆ្នើមអាហ្សង់ទីន។
មួយថ្ងៃមុន សមាគមបាល់ទាត់ហាងចូវក៏បានប្រកាសលុបចោលដំណើរកម្សាន្តរបស់អាហ្សង់ទីនក្នុងតំបន់នេះដែរ។ យោងតាមកាលវិភាគដើម អាហ្សង់ទីននឹងមានការប្រកួតមិត្តភាពចំនួន២នៅថ្ងៃ FIFA Days ចុងខែមីនា ដោយប៉ះជាមួយនីហ្សេរីយ៉ា និងកូតឌីវ័រ។
Titan Sports បានដកស្រង់សម្តីមន្ត្រីកីឡាជាន់ខ្ពស់របស់ចិន ដោយបង្ហើបថា Messi “ទំនងជាមិនចូលរួមប្រកួតប្រជែង ឬចូលរួមក្នុងព្រឹត្តិការណ៍ណាមួយនៅក្នុងប្រទេសនេះ” យ៉ាងហោចណាស់ ២ ឬ ៣ ឆ្នាំខាងមុខ។ រលកនៃកំហឹងរបស់អ្នកគាំទ្រចិនបានធ្វើឱ្យអាជ្ញាធរកីឡារបស់ប្រទេសនេះ “ហាមឃាត់” ម្ចាស់ជើងឯក World Cup 2022 ។
Leo ត្រូវបានចោទប្រកាន់ពីបទមិនគោរពអ្នកគាំទ្រជនជាតិចិន បន្ទាប់ពីមិនបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយក្រុម Hong Kong Stars ប៉ុន្តែបានលេងឱ្យក្រុម Inter Miami ក្នុងការប្រកួតជាមួយក្រុម Vissel Kobe ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន ប៉ុន្មានថ្ងៃក្រោយមក។
ទោះបីជា Messi ក្រោយមកបានសូមទោសនៅលើបណ្តាញសង្គមចិនក៏ដោយ ក៏តារា Inter Miami រូបនេះមិនអាចបំបាត់កំហឹងរបស់អ្នកគាំទ្របានដែរ។ អ្នកគាំទ្របាល់ទាត់ចិនជាច្រើនទាមទារឱ្យរដ្ឋាភិបាលប្រទេសហាមឃាត់ Messi មិនឱ្យមកប្រទេសចិន ដើម្បីលេងបាល់ទាត់ ឬចូលរួមផ្សព្វផ្សាយនៅពេលអនាគត៕