ក្រោយធ្លាក់ពី AFF Cup គ្រូម៉ាឡេស៊ី ថា បន្ទោសលោកទៅ កុំបន្ទោសកីឡាករ
គ្រូបង្គោល Kim Pan Gon បានសុំទោសប្រជាជនម៉ាឡេស៊ីទាំងអស់ក្រោយចាញ់ថៃ មិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Cup 2022 ក្រោយចាញ់ក្រុមការពារតំណែងជើងឯកថៃ ៣ទល់នឹង០ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានស្នើគ្រប់ភាគីកុំបន្ទោសកីឡាកររបស់ខ្លួនចំពោះបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នៅកីឡដ្ឋាន Thammasat។ លោកថាលោកជាបុគ្គលដែលមានទំនួលខុសត្រូវទាំងស្រុង។
លោក Kim Pan Gon ថ្លែងបែបនេះ “៖ខ្ញុំគ្មានលេស និងសោកស្ដាយអ្វីទេចំពោះបរាជ័យ។ ពួកគេប្រឹងប្រែងរត់ និងធ្វើតាមអ្វីដែលខ្ញុំរៀបចំរហូតដល់ទីបញ្ចប់។ រាល់បញ្ហាគឺមកពីខាងខ្ញុំ ព្រោះខ្ញុំជាអ្នករៀបចំយុទ្ធសាស្ត្រ។ ការសម្រេចចិត្តណាមួយគឺជាការសម្រេចចិត្តរបស់ខ្ញុំ អ្នកអាចបន្ទោសខ្ញុំ ហើយអ្នកអាចវាយប្រហារខ្ញុំ តែមិនមែនកីឡាករទេ។”
ជ័យជម្នះនៅថ្ងៃអង្គារ បានរុញថៃឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលសរុប ៣-១ ហើយនឹងត្រូវជួបជាមួយម្ចាស់ជើងឯកពីរសម័យកាលវៀតណាមនៅក្រុងហាណូយថ្ងៃសុក្រ ទី១៣ ខែមករា មុនពេលប្រកួតជើងទី២នៅថៃថ្ងៃចន្ទក្រោយ៕