ក្រុមប្រិយ៍មិត្ត ultras របស់ Barcelona និង Valencia បានប្រយុទ្ធគ្នានៅខាងក្រៅទីលាន Mestalla កាលពីយប់ម៉ិញ
(BC-99)
នៅមុនការប្រកួតចូលមកដល់ដែល Barcelona បានចាញ់ក្នុងទឹកដីរបស់ក្រុម Valencia ប្រិយ៍មិត្តរបស់ក្រុមទាំងសងខាងបានប៉ះទង្គិចគ្នាបង្ករជាជម្លោះដោយបានប្រើប្រាស់ឧបករណ៍ភ្លេង ព្រមទាំងកៅអីជ័រជាអាវុធ។
តាមរបាយការណ៍ប៉ូលីសបានអោយដឹងថាមានការឃាត់ខ្លួនជនបង្ករចលាចលនៅតាមទីសាធារណៈជាច្រើននាក់ដែលពួកគេភាគច្រើនជាអ្នកគាំទ្រក្រុមបាល់ទាត់ Valencia។ បើទោះជាមិនមាននរណាម្នាក់បានរងរបួសធ្ងន់ធ្ងរក៏មន្រ្តីប៉ូលីសបានលើកឡើងថាអ្នកដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានេះនឹងមិនត្រូវលើកលែងឡើយ ហើយអ្នកទាំងនេះត្រូវតែរងការចោទប្រកាន់ចំពោះមុខច្បាប់។
តាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅអំឡុងពេលម៉ោង២រសៀលមុនការប្រកួតមួយម៉ោងនាខាងក្រៅទីលានបាល់ទាត់ Mestalla គេឃើញក្រុមអ្នកគាំទ្រ FC Barcelona មួយក្រុមធំបានដើរច្រៀងចម្រៀងរបស់ក្លិបព្រមទាំងការស្រែកហ៊ោរកញ្ជ្រៀវនិងធ្វើការរៀបរាប់ពីឈ្មោះកីឡាកររបស់ក្រុមព្រមទាំងសមិទ្ធិផលផ្សេងៗ។ បន្ទាប់មកក៏មានការអុកឡុករំខានពីប្រិយ៍មិត្ត Valencia រួចក៏បង្ករអោយក្លាយទៅជាការប្រយុទ្ធគ្នាតែម្តង។
ក្រោយពីការចលាចលនេះត្រូវបានបង្ក្រាបអោយស្ងប់ស្ងាត់រួចមក នៅក្នុងទីលានឯណោះវិញក្រុមម្ចាស់ផ្ទះ Valencia ក៏បានប្រកួតយកឈ្នះ Barcelona ដោយលទ្ធផល ២-០ តែម្តង។ គួរបញ្ជាក់ដែរថាក្រុមអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ទាំងពីរខាងលើនេះធ្លាប់បានប៉ះប្រយុទ្ធគួរអោយកត់សម្គាល់រួចជាច្រើនលើកមកហើយនាពេលកន្លងមកដោយក្រុមអ្នកគាំទ្ររបស់ Valencia មានឈ្មោះថា Yomus រីឯក្រុមអ្នកគាំទ្រ Barcelona មានឈ្មោះថា Boixos។