Dean Henderson ចូលលេងឲ្យ ManUTD ដំបូង ធ្វើបាន clean sheet
អ្នកចាំទី Dean Henderson បានរក្សាសំណាញ់ទីមិនឲ្យរបូតសោះ ពេលបង្ហាញខ្លួននៅក្រុមធំលើកដំបូងសម្រាប់ Manchester United ក្នុងជ័យជម្នះ០ទល់នឹង៣លើ Luton Town ជុំទី៣ ពានរង្វាន់ League Cup នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា។
Henderson បានសង្គ្រោះក្រុមពីការព្យាយាមតាមស្មើដោយ Tom Lockyer បន្ទាប់ពី Juan Mata សម្រេចការនាំមុខឲ្យបិសាចក្រហមតាមរយៈបាល់ពិន័យ១១ម៉ែត្រនៅនាទី៤៤។
ពីរគ្រាប់ទៀតធ្វើបានដោយ Marcus Rashford នៅនាទី៨៨ និង Mason Greenwood នាទី៩០+២។
Henderson បានសរសេរលើបណ្តាញសង្គម ដោយចាត់ទុកដូចជាសុបិនក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមដែលគេស្រលាញ់ និងមិនគួរឲ្យជឿចំពោះលទ្ធផល ព្រមទាំងការរក្សាសំណាញ់ទី។
កីឡាករវ័យ២៣ឆ្នាំបានឆ្លងកាត់ថ្នាលយុវជន Manchester United តែបានចំណាយពេលនៅក្លិបផ្សេងលើកិច្ចសន្យាខ្ចី និងនៅ Sheffield United រយៈពេលពីររដូវកាលចុងក្រោយ។
ការបង្ហាញដ៏គួរចាប់អារម្មណ៍នៅ Sheffield United ធ្វើឲ្យគេមានឱកាសជាប់បញ្ជីក្រុមធំជម្រើសជាតិ។ គេបានត្រលប់ទៅ Old Trafford វិញក្នុងបំណងប្រជែងអ្នកចាំទីដៃទីមួយ David De Gea។
ដោយឡែក ជ័យជម្នះនេះមានន័យថា Manchester United នឹងត្រូវជួប Brighton ឬ Preston នៅជុំបន្ទាប់៕