Jose Mourinho ឆ្លើយតបទៅនឹងការនិយាយថាគាត់ចាស់
(BC-99)
លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Tottenham បានធ្វើការបញ្ជាក់ថាលោកនៅមានស្មារតីមុតមាំនិងមានអារម្មណ៍ថាខ្លួននៅតែក្មេងក្នុងនាមជាអ្នកគ្រប់គ្រងក្លិប។
លោក Mourinho កំពុងរកវិធីសាស្ត្រជួយអោយក្រុមរបស់ខ្លួនមានភាពល្អប្រសើរនិងទទួលបានជោគជ័យនៅរដូវកាលថ្មីបន្ទាប់ពីមិនអាចជួយអោយ Tottenham មិនឈ្នះពានអ្វីសោះកាលពីរដូវកាលមុនក្រោយពីលោកបានមកជំនួសការងារពីលោក Mauricio Pochettino ។
អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United និងតោខៀវ Chelsea រូបនេះបានទទួលបានការរិះគន់កាលពីពេលថ្មីៗនេះថាលោកបានបាត់បង់សមត្ថភាពរបស់ខ្លួន ក៏ប៉ុន្តែលោកបានបដិសេធនឹងការលើកឡើងបែបនេះដោយលោកបានបញ្ជាក់ថាខ្លួនកំពុងតែមានភាពល្អប្រសើរឡើងក្នុងនាមជាអ្នកចាត់ការ។
លោក Mourinho បាននិយាយថា “តាមពិតទៅខ្ញុំនៅក្មេងនៅឡើយទេ។ អ្នកខ្លះគិតថាខ្ញុំចាស់ណាស់ ពីព្រោះគេឃើញខ្ញុំធ្វើការបែបនេះតាំងពីឆ្នាំ ២០០២ ។ ខ្ញុំមិនទាន់ចាស់ណាស់ណាទេ។ ខ្ញុំនៅក្មេងណាស់ក្នុងនាមជាអ្នកគ្រប់គ្រងបាល់ទាត់។ វាជាប្រភេទការងារដែលត្រូវការអ្នកមានបទពិសោធន៍កាន់តែច្រើន។ អ្នកចាត់ការល្អម្នាក់មិនមែនទាល់តែរត់បាន ៩០ នាទីដូចជាកីឡាករឡើយ”។
សូមជម្រាបជូនដែរថា៣ប្រកួតដំបូងរបស់ Spurs នៅដើមរដូវកាលថ្មីនាខែកញ្ញានេះគឺត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Everton នៅយប់ថ្ងៃអាទិត្យទី១៣។ មួយសប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃអាទិ់ត្យទី២០ ក្រុមរបស់លោក Jose នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះ Southampton វិញម្តង ខណៈដែលនៅថ្ងៃសៅរ៍ទី២៦ ក្រុមនេះនឹងប្រកួតលើទឹកដីខ្លួនឯងជាមួយក្រុមភ្ញៀវ Newcastle United ។