អង់គ្លេស អាល្លឺម៉ង់ បែលហ្ស៊ិកឈ្នះ, អ៊ីតាលីស្មើ តែអេស្ប៉ាញចាញ់ជម្រុះWorldCup លកដំបូងក្នុងពេល២៨ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះហុងគ្រី ០ទល់នឹង ៤ក្នុងវគ្គជម្រុះ FIFA World Cup 2022 នាក្រុងប៊ុយដាប៉េស។
Raheem Sterling, Harry Kane, Harry Maguire និង Declan Rice រកបានម្នាក់មួយគ្រាប់។
តាមពិតទៅ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានពិន័យឲ្យហុងគ្រីរៀបចំការប្រកួតខ្លួនដោយមិនមានអ្នកទស្សនាផ្ទាល់នាកីឡដ្ឋាន Puskas ដោយសារតែអ្នកគាំទ្រប្រទេសនេះបង្ហាញកាយវិការរើសអើងពូជសាសន៍ កាលប្រកួត EURO 2020។ ផ្ទុយទៅវិញ មានអ្នកទស្សនាចូលបានធម្មតាខ្ទង់៦៧០០០នាក់ ក្រោមយុត្តាធិការពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក។
ទន្ទឹមនឹងនេះ អាល្លឺម៉ង់ទទួលបានជ័យជម្នះ០ទល់នឹង២លើលិចតិនស្តាញ ក្នុងប្រកួតដំបូងរបស់គ្រូបង្គោលថ្មី Hansi Flick។ អតីតគ្រូបង្គោល Bayern Munich បានចូលកាន់តំណែងជំនួសលោក Joachim Low ដែលបានលាឈប់ពេលចប់ Euro 2020 ក្រោយកាន់ការងារបាន១៥ឆ្នាំ។
Timo Werner និង Leroy Sane ជាអ្នករកគ្រាប់បាល់ជ័យជម្នះ។
ចំណែកបែលហ្ស៊ិកឯណោះបានលត់ម្ចាស់ផ្ទះអេស្តូនី ២ទល់នឹង៥។ Mattias Kaeit បំប៉ោងសំណាញ់ឲ្យម្ចាស់ផ្ទះនាំមុខមុនតាំងពីនាទីទី២ ប៉ុន្តែបែលហ្ស៊ិកវាយបកបាន៥គ្រាប់មកវិញដោយ Hans Vanaken, Romelu Lukaku (២គ្រាប់), Axel Witsel និង Thomas Foket។ Erik Sorga ជាអ្នករកគ្រាប់បាល់ទី២សម្រាប់អេស្តូនី។
ក្រុមជើងឯក Euro 2020 អ៊ីតាលីវិញបានត្រឹមស្មើប៊ុលហ្គារី ១ទល់នឹង១។ Federico Chiesa រកគ្រាប់បាល់នាំមុខមុននាទី១៦ មុន Atanas Iliev តាមស្មើនាទី៤០។
ដោយឡែក អេស្ប៉ាញឯណោះវិញបានចាញ់ម្ចាស់ផ្ទះស៊ុយអែត ២ទល់នឹង១។ Carlos Soler រកគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវគោជល់នាទីទី៥ តែ Alexsander Isak តាមស្មើមួយនាទីក្រោយមក។ Viktor Claesson ជាអ្នករកគ្រាប់ជ័យជម្នះសម្រាប់ស៊ុយអែតនាទី៥៧៕