កីឡាករអង់គ្លេសត្រូវអ្នកគាំទ្រហុងគ្រីយកកំប៉ុងទឹកគប់ពេលអបអរគ្រាប់ចូលទី
Raheem Sterling និងមិត្តរួមក្រុមត្រូវបានអ្នកគាំទ្រហុងគ្រីឌឺដង និងយកកំប៉ុងទឹកគប់អំឡុងប្រកួតជម្រុះ FIFA World Cup 2022 នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា។
គេឃើញកំប៉ុងទឹកយ៉ាងច្រើនលើស្មៅពេល Sterling អបអរគ្រាប់បញ្ចូលទីជាមួយមិត្តរួមក្រុម។ ពួកអ្នកគាំទ្រទាំងនោះក៏បានស្រែកជេរកីឡាករអង់គ្លេសថែមទៀត។
ដោយទប់ខ្លួនមិនបាន Declan Rice ក៏បានដើរសំដៅទៅរើសកំប៉ុងទឹកមួយយកមកធ្វើជាផឹក ក្នុងន័យឌឺដាក់អ្នកគាំទ្រហុងគ្រីមួយចំនួននោះវិញ។
បើតាមសេចក្ដីរាយការណ៍ អ្នកគាំទ្រហុងគ្រីឧស្សាហ៍ណាស់រឿងឌឺដង ស្រែកជេរកីឡាករក្រុមភ្ញៀវ។ ជាក់ស្ដែង សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានពិន័យឲ្យហុងគ្រីរៀបចំការប្រកួតខ្លួនដោយមិនមានអ្នកទស្សនាផ្ទាល់នាកីឡដ្ឋាន Puskas ដោយសារតែអ្នកគាំទ្រប្រទេសនេះបង្ហាញកាយវិការរើសអើងពូជសាសន៍ កាលប្រកួត EURO 2020។
ផ្ទុយទៅវិញ មានអ្នកទស្សនាចូលបានធម្មតាខ្ទង់៦៧០០០នាក់ ក្រោមយុត្តាធិការពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក៕