Angel Di Maria បានធើ្វការទម្លាយនូវបញ្ហាដែលរូបគេជួបប្រទះធំបំផុតពេលនៅ Man UTD!
អតីតម្ចាស់អាវលេខ៧ Manchester United កីឡាករ Angel Di Maria បានធើ្វការទម្លាយនូវបញ្ហាដែលរូបគេជួបប្រទះធំបំផុត អំឡុងពេលដែលគេលេងឲ្យក្លឹបបិសាចក្រហម Manchester United ដែលបញ្ហាធំនោះគឺគ្រូបង្វឹក Louis Van Gaal កំឡុងឆ្នាំ 2014-2015។
គួររំលឹកថា Di Maria បានចំណាយពេល១រដូវកាលប៉ុណ្ណោះលេងនៅលីកកំពូលរបស់អង់គ្លេស ស្របពេលដែល Man Utd បានទិញរូបគេពី Real Madrid ក្នុងតម្លៃ៥៩.៧លានផោន និងចុះកុងត្រារយៈពេល៥ឆ្នាំ ហើយចុងក្រោយកីឡាករវ័យ៣៣ឆ្នាំរូបនេះ បានសម្រេចផ្ទេរទៅលេងនៅ PSG ។
ក្នុងនោះ Angel Di Maria បាននិយាយថា “ ដំបូងមានគេនិយាយអំពីខ្ញុំច្រើនពាក់ព័ន្ធនឹងលេខ៧ ប៉ុន្ដែវាគ្រាន់តែជាលេខអាវតែប៉ុណ្ណោះ។ បញ្ហារបស់ខ្ញុំធំបំផុតនោះគឺគ្រានៅជាមួយ Manchester United។ លោក Louis Van Gaal គឺជាអ្នកចាត់ការអាក្រក់បំផុតក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំអាចស៊ុតនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ប៉ុន្តែគាត់បានផ្លាស់ប្ដូរខ្ញុំពីមួយថៃ្ងទៅមួយថៃ្ង។ គាត់មិនចូលចិត្ដកីឡាករណាចេះច្រើនជាងគាត់នោះឡើយ”។