ក្រុមជម្រើសជាតិកង់កម្ពុជា ត្រៀមវិលមកកម្ពុជាវិញ បន្ទាប់ពីហាត់៣ខែនៅបារាំង
ក្រុមកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូប ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក ខ្លូត ករណី នឹងត្រូវធ្វើដំណើរត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០៦ ខែកញ្ញា ដើមសប្ដាហ៍ក្រោយនេះ បន្ទាប់ពីបញ្ចប់ការបោះជុំរុំហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំង។ នេះបើតាមការឲ្យដឹងពីលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា។
អគ្គលេខាធិការសហព័ន្ធខាងលើ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការហ្វឹកហាត់រយៈពេល ៣ខែកន្លងមកនៅបារាំង បានធ្វើឲ្យកីឡាករម្នាក់ៗមានការអភិវឌ្ឍ និងរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ ប៉ុន្ដែតាមផែនការក្រោយត្រឡប់មកដល់មាតុភូមិ សហព័ន្ធក៏នឹងសិក្សាក្នុងការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបារាំងម្ដងទៀត នាអំឡុងដំណាច់ឆ្នាំ២០២១ ដើម្បីសម្រួចសមត្ថភាពបន្ថែម សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលត្រូវបានពន្យារពេលទៅប្រកួតនាឆ្នាំ២០២២។
ដំណាក់កាលបន្តសហព័ន្ធនឹងបញ្ជូនពួកគេទៅបោះជុំរុំហ្វឹកហាត់នៅខេត្តសៀមរាប ជាមួយក្រុមជម្រើសជាតិកង់ភ្នំ។ តែយ៉ាងណា សហព័ន្ធនឹងព្យាយាមសម្របសម្រួលឲ្យបានទៅហាត់នៅបារាំងម្ដងទៀត ព្រោះការហ្វឹកហាត់ក្រៅប្រទេសនេះ បានជំរុញឲ្យកីឡាករមានការរីកចម្រើនច្រើនសម្រាប់ត្រៀមការប្រកួតអន្ដរជាតិ។
សម្រាប់ក្រុមកីឡាករជម្រើសជាតិទោចក្រយាន ៣នាក់ ដែលត្រូវបានសហព័ន្ធបញ្ជូនទៅហ្វឹកហាត់ ៣ខែ នៅបារាំង រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានចេញដំណើរកាលពីថ្ងៃទី១២ ខែមិថុនា ដោយទទួលបានការគាំទ្រពីពេញទំហឹងពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធ ក្រោមការសម្របសម្រួលរបស់សមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕ ប្រភព ៖ CAMSOC