សមាជិកអេស្ប៉ាញផ្សេងទៀតតេស្ដមិនឃើញវិជ្ជមានមែន តែក៏ត្រូវធ្វើចត្តាឡីស័កដូច Busquets
កីឡាករ និងក្រុមការងារក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញផ្សេងៗទៀតត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្រោយប្រធានក្រុម Sergio Busquets តេស្ដឃើញវិជ្ជមានកូវីដ១៩។
ទោះមិនមានវិជ្ជមានដូច Busquets ក៏កីឡាករឯទៀត និងក្រុមការងារត្រូវធ្វើចត្តាឡីស័កដូចគ្នាដើម្បីគោរពតាមវិធានការសហព័ន្ធបាល់ទាត់អឺរ៉ុប និងក្រសួងសុខាភិបាលអេស្ប៉ាញ ហើយកីឡាករត្រូវអនុវត្តស្វ័យហ្វឹកហាត់។ Busquets ត្រូវបានដឹកចេញពីទីលាន Las Rozas ដោយក្រុមគ្រូពេទ្យ។
សកម្មភាពទាំងអស់នៅ Las Rozas ត្រូវបានលុបចោល ដោយរួមទាំងសន្និសីទសារព័ត៌មាន និងទំនាក់ទំនងទៅខាងក្រៅ។
ជម្រើសជាតិអេស្ប៉ាញត្រូវប្រកួតបើកឆាក EURO 2020 តទល់ស៊ុយអែតនៅក្រុង Seville នៅថ្ងៃទី១៤ ខែមិថុនា។ អេស្ប៉ាញជាក្រុមតែមួយគត់ដែលមិនដាក់កីឡាករពេញ២៦នាក់។ ការធ្វើតេស្ដនឹងបន្តធ្វើឡើងថែមទៀត។
ក្រុម U21 អេស្ប៉ាញនឹងចូលជំនួសក្រុមធំដើម្បីប្រកួតមិត្តភាពតទល់ឡេតូនី នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា នាកីឡដ្ឋាន Butarque របស់ក្លិប Leganes៕