ក្លិបច្រើននៅ PL មិនគាំទ្រការប្ដូរកីឡាករ៥នាក់នៅរដូវកាលក្រោយ
ទោះបីជាការរីករាលដាលនៃកូវីដ១៩ប៉ះពាល់ដល់កាយសម្បទាកីឡាករក៏ដោយ ក្រុមមួយចំនួននៃក្របខណ្ឌ Premier League មិនបង្ហាញជំហរគាំទ្រដល់សិទ្ធិផ្លាស់ប្ដូរកីឡាករ៥នាក់ក្នុងមួយប្រកួតនៅ២០២០/២០២១ទេ។
សិទ្ធិប្ដូរកីឡាករ៥នាក់នេះត្រូវបានអនុវត្តនៅរដូវកាល២០១៩/២០២០ ក្រោយត្រឡប់ពីការផ្អាកបណ្ដោះអាសន្នដោយសារជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ គេហទំព័រក្របខណ្ឌ Premier League បានបញ្ជាក់ថាក្រុមទាំងអស់នឹងអាចផ្លាស់ប្តូរបានតែ៣នាក់ប៉ុណ្ណោះក្នុងមួយប្រកួតនៅរដូវកាលក្រោយ បន្ទាប់ពីមានក្លិបជាច្រើនបានបោះឆ្នោតបដិសេធការប្ដូរ៥នាក់។
ពួកគេគិតថាការប្ដូរ៥នាក់ក្នុងមួយប្រកួតធ្វើឲ្យបាត់បង់ភាពតានតឹង។ ក្លិបធំៗនឹងទទួលបានអត្ថប្រយោជន៍ ព្រោះមានកីឡាករមានគុណភាពខ្ពស់ច្រើន។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមប្រឹក្សាបាល់ទាត់អន្តរជាតិ (IFAB) បាននិយាយថាការឈប់សម្រាករយៈពេល ៣ ខែធ្វើឲ្យកីឡាករមិនអាចរក្សាបាននូវកាយសម្បទារឹងមាំ ងាយមានរបួស និងប៉ះពាល់ដល់គុណផល។
ដូច្នេះ ស្ថាប័នទាំងពីរបានផ្តល់សិទ្ធិក្នុងការប្ដូរកីឡាករ ៥នាក់ និងអាចធ្វើបាន៣ដងក្នុងការប្រកួតនីមួយ។ ការផ្លាស់ប្ដូរនេះនេះអនុវត្តក្នុងការប្រកួតរហូតដល់ខែសីហាឆ្នាំ២០២១ រួមទាំង EURO និង Copa America ទៀតផង។
លើសពីនេះ គ្រូបង្វឹកក៏មានសិទ្ធិចុះឈ្មោះកីឡាករចំនួន ២០ នាក់ក្នុងមួយប្រកួត រួមមានទាំងជម្រើសដំបូង និងអ្នកបម្រុង៩នាក់។ ទោះយ៉ាងណា Premier League ក៏បដិសេធសិទ្ធិនេះដូចគ្នា។ ក្រុមទាំងអស់នឹងវិលត្រឡប់មកវិញជាមួយនឹងកីឡាករបម្រុង៧នាក់ដូចដើម ចាប់ពីរដូវកាលក្រោយ។
ដោយឡែក លោក Jose Mourinho អ្នកចាត់ការ Tottenham Hotspur គឺជាបុគ្គលម្នាក់ដែលចំណោមអ្នកគាំទ្រការផ្លាស់ប្ដូរកីឡាករ៥នាក់។ លោកបាននិយាយថា ការផ្លាស់ប្តូរ៥នាក់ធ្វើឡើងតែ ៣ ដងប៉ុណ្ណោះ។ វាមិនប៉ះពាល់ដល់ពេលវេលានៃការប្រកួតច្រើនទេ។ ចំពោះការចុះឈ្មោះកីឡាករ២០ក៏ល្អសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រនៅពេលចាំបាច់៕