
ថៃមានឱកាសសាងប្រវត្តិសាស្ត្រក្រោយ Fulham ឡើង Premier League
ការឡើងទៅកាន់ក្របខណ្ឌកំពូលអង់គ្លេសរបស់ Fulham ផ្តល់ឱកាសដល់យុវជន Benjamin James Davis ក្លាយជាកីឡាករថៃដំបូងគេលេងនៅ Premier League។
ទោះជាសមាជិកក្រុមយុវជន U23 មែន ប៉ុន្តែ Benjamin ទើបបន្តកុងត្រា២ឆ្នាំទៀតជាមួយ Fulham ដូច្នេះថៃមានសង្ឃឹមថា គេនឹងមានឱកាសបង្ហាញខ្លួននៅ Premier League នាពេលខាងមុខ។
Benjamin Davies បានចូលរួមជាមួយ Fulham ក្នុងឆ្នាំ ២០១៧ និងលេងបាន១២ដងក្នុងក្រុមយុវជននៅរដូវកាល ២០១៩/២០ ។
ថៃមិនដែលមានកីឡាករលេងនៅ Premier League ទេ ទោះ Teerasil Dangda, Suree Sukha និង Kiatprawut Saiwaeo ធ្លាប់ហ្វឹកហាត់នៅ Manchesgter City។ អ្នកទាំង៣សុទ្ធតែទទួលបានកុងត្រានៅក្រុមមេឃខៀវកាលឆ្នាំ២០០៧/២០០៨ អំឡុងអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ជាម្ចាស់ក្លិប តែមិនដែលចូលលេងឡើយ។
Benjamin Davies កើតនៅឆ្នាំ២០០០ ដោយមានឪពុកជាជនជាតិអង់គ្លេស និងម្តាយជនជាតិថៃ តែធំដឹងក្តីនៅសិង្ហបុរី។ គេមានសញ្ជាតិនៃប្រទេសទាំងបីតែម្ដង។ កាលពីមុន យុវជន៣សញ្ជាតិរូបនេះធ្លាប់លេង ក្រុមជម្រើសជាតិសិង្ហបុរី U16 មុនពេលចូលរួមជាមួយក្រុម Fulham ក្នុងឆ្នាំ ២០១៧។ ចាប់ពីដើមឆ្នាំ២០២០នេះ គេលេងឲ្យជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ៕