
ដំណឹងស្តីពីការផ្លាស់ប្តូរកីឡាករបាល់ទាត់នៅទ្វីបអឺរ៉ុប
(BC-99)
Man Utd បានសម្រេចចិត្តជាផ្លូវការណ៍ហើយក្នុងការដោះលែង Sanchez អោយចូលរួមជាអចិន្ត្រៃយ៍ជាមួយក្រុម Inter Milan ខណៈដែល Man City ត្រូវការកីឡាករជាច្រើនទៀតបើទោះជាទិញបាន Nathan Ake នៅពេលចុងក្រោយបំផុតនេះក៏ដោយ។
ក្នុងខណៈដែលមានព័ត៌មានចចាមអារ៉ាមខ្លះមិនទាន់បានក្លាយជាការពិតស្តីពីការដោះដូរកីឡាករបាល់ទាត់នៅក្នុងទ្វីបអឺរ៉ុបនាបច្ចុប្បន្នកាលនេះ តែក៏មានព័ត៌មានចចាមអារ៉ាមមួយចំនួនតូចតែប៉ុណ្ណោះដែលបានក្លាយជាការពិត។
Alexis Sanchez ប្តូរទៅកាន់ Inter ជាអចិន្ត្រៃយ៍
កីឡារករខ្សែប្រយុទ្ធដែលធ្លាប់ដើរតួសំខាន់នៅក្នុងឈុតជ័យជម្នះរបស់ FC Barcelona និងកាំភ្លើងធំ Arsenal បែរជាមិនមានភ័ព្វសំណាងសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនអោយល្បីល្បាញបានឡើយនៅទឹកដី Old Trafford។ ក្រៅពីមានតម្លៃឈ្នួលច្រើន កីឡាកររូបនេះក៏មានបញ្ហាច្រើនដែរក្នុងនោះដូចជាការរងរបួស និងការមិនចុះសម្រុងជាមួយមិត្តរួមក្លឹបនិងគ្រូបង្វឹកជាដើម។
នៅទីបំផុតគេបានក្លាយជាកីឡាករពេញសិទ្ធរបស់ក្លឹបនៅ អ៊ីតាលី Inter Milan ជាស្ថាពរហើយក្រោយពីបានចំណាយពេលនៅជាមួយក្លឹបនេះអស់មួយរដូវកាលកន្លងទៅ។ មិនមានព័ត៌មានជាក់លាក់ស្តីពីកម្រៃនៃការផ្លាស់ប្តូរកីឡាកររូបនេះឡើយ។
Nathan Ake ពីក្លឹបធ្លាក់ចេញមកកាន់ក្លឹបនៅកំពូលតារាងរបស់ Premier League
ខ្សែការពារសញ្ជាតិហូឡង់ម្នាក់នេះបានបំពេញមុខងាររបស់ខ្លួនយ៉ាងល្អជាមួយ Bournemouth ដែលជាក្លឹបចាស់។ ក៏ប៉ុន្តែភាពប៉ិនប្រសប់របស់គេតែម្នាក់មិនអាចជួយអោយក្រុម ឈែរី ឋិតនៅក្របខណ្ឌកំពូលរបស់អង់គ្លេសនេះបានឡើយ។
ចាត់ទុកថាលោក Pep គឺជាអ្នកដឹកនាំក្រុមបាល់ទាត់មួយរូបប្រកបដោយភាពវៃឆ្លាតនិងមានទស្សនវិស័យដែលសម្លឹងឃើញកីឡាកររូបនេះនិងបានស្ទុះស្ទារទិញយករូបគេអោយមកចូលរួមក្រុមបានសម្រេច។ Ake បានសម្តែងនូវក្តីរីករាយរបស់ខ្លួនក្នុងពិធីចុះកិច្ចសន្យាក្នុងនាមជាសមាជិកថ្មីរបស់ Man City ពីថ្ងៃនេះរហូតឆ្នាំ ២០២៥។
ទោះជាយ៉ាងនេះក៏ដោយក៏លោក Pep Guardiola បាននិយាយថាវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់ City ។ ពួកគេនៅតាមប្រមាញ់កីឡាករល្អៗមួយចំនួនទៀតទុកយកមកជួយដណ្តើមពានរង្វាន់ផ្សេងៗនៅរដូវកាលក្រោយ។
Willian កំពុងក្លាយជាគូប្រជែងរបស់ Chelsea នៅទីក្រុង London
បើតាមរបាយការណ៍ផ្សេងៗទូទាំងប្រទេសអង់គ្លេសបានអោយដឹងថាក្លិបកាំភ្លើងធំ Arsenal នឹងផ្តល់ឱ្យ Willian នូវកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលកីឡាករប្រេស៊ីលរូបនេះនឹងទទួលបានថ្លៃនឿយហត់ជាង ១០ ម៉ឺនផោនក្នុងមួយសប្តាហ៍ស្របពេលដែលក្លិបនេះក៏បានប្រកាសពីការកាត់បន្ថយការងារចំនួន ៥៥ កន្លែងដែរ។
Willian ធ្លាប់បានបដិសេធមិនព្រមបន្តកិច្ចសន្យាជាមួយតោខៀវ Chelsea តាមសំណូមពររបស់លោក Frank Lampard ឡើយនាពេលកន្លងមក។ បើទោះជាមានការផ្សារភ្ជាប់ជាមួយក្លឹបល្បីៗនៅអេស្ប៉ាញនិងសហរដ្ឋអាមេរិចក៏កីឡាករសក់សំពោងមួយនេះនៅតែស្រឡាញ់ទីក្រុង London ដដែលគ្រាន់តែគេប្តូរពណ៌ពីខៀវទៅក្រហមតែប៉ុណ្ណោះ។
Harry Arter នៅតែស្រឡាញ់ក្របខណ្ឌ Championship បើទោះជា Fulham បានឡើងទៅកាន់ Premier League
គឺជាកិឡាកររបស់ក្រុម FC Bournemouth តាំងពីឆ្នាំ២០១០។ ក៏ប៉ុន្តែខ្សែការពារកណ្តាលរូបនេះមិនមានភ័ព្វវាសនាបានលេងនៅក្របខណ្ឌ Premier League ឡើយបើទោះជាក្លឹបរបស់គេបានជាប់ឈ្មោះមកប្រជែងនៅក្របខណ្ឌកំពូលនេះក្តី ក៏ព្រោះតែ Bournemouth បានដាក់អោយក្លឹបដទៃខ្ចីគេទៅលេង។ ជាក់ស្តែងកាលពីរដូវកាលមុនគេបានជួយអោយ Fulham បានវឹលមកកាន់ Premier League សារជាថ្មី ក៏ប៉ុន្តែនៅរដូវកាលក្រោយគេបែជានៅតែលេងនៅ Championship ដដែលទៅវិញដោយសារតែសុពលភាពនៃការខ្ចីដល់ពេលកំណត់និង Fulham លែងត្រូវការរូបគេផងដែរ។